ព័ត៌មានកីឡា

ក្រសួងអប់រំ យុវជន និងកីឡាស្នើឱ្យសហព័ន្ធកីឡាជាតិ ទាំងអស់ផ្តល់កម្មវិធីប្រកួតអន្តរជាតិ


ក្រសួងអប់រំ យុវជន និងកីឡាស្នើឱ្យសហព័ន្ធកីឡាជាតិទាំងអស់ផ្តល់កម្មវិធីប្រកួតអន្តរជាតិ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ទទួលបន្ទុក កិច្ចការកីឡា បានស្នើសុំឱ្យសហព័ន្ធកីឡាជាតិនានា ផ្តល់កម្មវិធីប្រកួតអន្តរជាតិ របស់សហព័ន្ធជាតិនីមួយៗ សម្រាប់ឆ្នាំ២០២២ខាងមុខ ដោយបញ្ជូន មកនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

តាមរយៈលិខិតផ្លូវការ ដែលបានចេញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការផ្តល់កម្មវិធីប្រកួតអន្តរជាតិ នៅកម្ពុជា ជាមុនបែបនេះ គឺដើម្បីឱ្យក្រសួងអប់រំ បានរៀបចំ ផែនការសកម្មភាព ផែនការថវិកា និងប្រតិទិន ការងារសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអនុវត្តន៍ បានប្រកបដោយ ភាពរលូន និងទទួលបានជោគជ័យ។ នេះគឺដើម្បី ផ្តល់ឱកាស ដល់សហព័ន្ធកីឡាជាតិ បានរៀបចំ ការប្រកួតជើងឯក លក្ខណៈអន្តរជាតិ ក្នុងគោលបំណង វាស់ស្ទង់គុណផលបច្ចេកទេសកីឡាករ កីឡាការិនី និងផ្តល់ឱកាស ដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមបានអនុវត្តន៍ ការប្រកួតផ្ទាល់ និងដើម្បីឱ្យ ទទួលបានបទពិសោធន៍ ក្នុងការទទួលរៀបចំ ធ្វើម្ចាស់ផ្ទះកម្រិតអន្តរជាតិ ឆ្ពោះទៅទទួលរៀបចំ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ចាក់ថា កន្លងមកប្រភេទកីឡា ជាច្រើនរបស់កម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតលក្ខណៈអន្តរជាតិ ជាច្រើន ជាបន្តបន្ទាប់ ដូចជា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កីឡាតេក្វាន់ដូ ITF, ការប្រកួតជើងឯកកីឡាប៉េតង់ ជើងឯកពិភពលោក, ជើងឯកពិភពលោក កីឡាវ៉ូវីណាម ជាដើម។ចំពោះគម្រោងនៃកាទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ និងការប្រកួតត្រៀមមុនស៊ីហ្គេម (Pre-SEA Games) គឺសហព័ន្ធកីឡាជាតិ របស់កម្ពុជា ភាគច្រើនបានបង្ហាញពី គម្រោងនៃការរៀបចំ ធ្វើជាម្ចាស់ផ្ទះកម្រិតអន្តរជាតិ ក្នុងកម្រិតអាស៊ីអាគ្នេយ៍នេះ ដើម្បីត្រៀមបង្កើនគុណភាព បច្ចេកទេសរបស់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅ ក្រមផង រួមទាំងស្វែងរក នូវបទពិសោធន៍ នៃការរៀបចំប្រភេទកីឡានីមួយៗ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យផងដែរ។ ក្នុងនោះប្រភេទកីឡាដែលចាំបាច់ត្រូវតែទទួលរៀបចំធ្វើម្ចាស់ផ្ទះនោះ មានដូចជា ប្រភេទកីឡាប្រពៃណី អុកចត្រង្គខ្មែរ, ប្រដាល់គុនខ្មែរ, គុនល្បុក្កតោ, និងប្រភេទកីឡាជាច្រើនទៀត ដែលត្រៀមធ្វើស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងចន្លោះចំនួនពី៣២ទៅ៣៥ប្រភេទកីឡា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី