ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង បន្តជ័យជម្នះ៣ប្រកួតជាប់ៗគ្នា


ព្រះខ័នរាជស្វាយរៀង បន្តជ័យជម្នះ៣ប្រកួតជាប់ៗគ្នា

ព្រះខ័នរាជស្វាយរៀង បានបន្តជ័យជម្នះ ចំនួន៣ប្រកួតជាប់ៗគ្នា ដោយទទួលបាន ៩ពិន្ទុ ឈរនៅលំដាប់ទី២ លើកំពូលតារាង បណ្តោះអាសន្នសប្តាហ៍ទី៥ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ជាពិសេស គឺនៅប្រកួតទី៣ ជាមួយម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត ដោយលទ្ធផល ៤ទល់៣ នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ។

ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប យូណាយធីត (AEU) បានបើកការ នាំមុខ១គ្រាប់មុន នៅនាទី៧ ដោយកីឡាករ Samuel Ajayi Gbengaបន្ទាប់ពីបានអូស បាល់ទៅទាត់ ក្នុងប្រអប់ទីផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ឱ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប នាំមុខលើក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង។ ការប្រកួត បានឈានដល់ភាពចម្រូងចម្រាស នៅពេលប្រធានក្រុម AEU ឡាយ រស្មី ទទួលបានកាតក្រហម ដោយសារអាជ្ញាកណ្ដាលពិន័យ ក្រោមហេតុផលបាល់ប៉ះដៃ ក្នុងប្រអប់អ្នកចាំទី។ ខ្សែប្រយុទ្ធអេស្ប៉ាញ Mika បានទាត់បាល់១១ម៉ែត្របញ្ចូលទីឱ្យក្រុមលោក Conor Nestor តាមស្មើ ក្នុងនាទី៤១។ យ៉ាងណា អាស៊ីអឺរ៉ុបនាំមុខសាជាថ្មី ក្រោយការទាត់បាល់ ១១ម៉ែត្រពី Abee Ndjoo Hurbert បន្ទាប់ពីបាល់ប៉ះដៃ Mika ក្នុងប្រអប់ អ្នកចាំទីដូចគ្នា។ ចូលដល់វគ្គទី២ បានត្រឹមមួយនាទីប៉ុណ្ណោះ Privat Mbarga បានតែតទម្លាក់ឱ្យ ប្រាក់ មុន្នីឧត្តម ទាត់បញ្ចូលទី តាមស្មើ ២ទល់២។

អាស៊ីអឺរ៉ុប បាននាំមុខសាជាថ្មី ៣ទល់នឹង២ ពេល Samuel AjayiGbenga បញ្ជូនឱ្យ Abee ទាត់បញ្ចូលទីនាទី៥៩។ ការនាំមុខនេះ បានត្រឹម៤នាទី សារ៉េត គ្រីយ៉ា បានប៉ះទម្លាក់បន្តិចឱ្យ Privat ទាត់បញ្ចូលទីតាមស្មើក្នុងនាទី៦៣។ នៅក្នុងរយៈពេល មិនបាន១នាទីផង ព្រះខ័នរាជស្វាយរៀង លេងក្បួន counter attack ដល់ប្រអប់អ្នកចាំទីដែល Robert Lopez Mendy ទះមួយជើងបកក្រោយឱ្យ Mika ទាត់គ្រាប់ទី៤។

ឆ្លងកាត់៤ប្រកួត AEU ឈ្នះ១ប្រកួត និងចាញ់ ៣ប្រកួត មាន៣ពិន្ទុ ឈរនៅលេខ៧ ប ណ្តោះអាសន្ន ក្នុងចំណោម១៣ក្រុម ក្នុងក្របខ័ណ្ឌលីគកំពូល ខណៈ៣ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ឈរនៅលេខ២បណ្តោះអាសន្ន៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី