ព័ត៌មានកីឡា

១០ប្រភេទកីឡាកំពុងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ត្រៀមស៊ីហ្គេម ២០២១


គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ដូចជា គណៈកម្មាធិការជាតិ CAMSOC កំពុងតាមដានត្រួតពិនិត្យមើលវឌ្ឍនភាព ការហ្វឹកហាត់ លក្ខណៈប្រមូលផ្តុំ ដើម្បីកសាងសមត្ថភាព របស់កីឡាករ កីឡាការិនី ជម្រើសជាតិ ដែលត្រូវហ្វឹកហាត់ ត្រៀមផង និងត្រូវតែទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ក្នុងពេល ជាមួយគ្នាដែរ ដោយវិបត្តិនេះកំពុងបង្កផលប៉ះពាល់ ជាទូទៅ ក៏ដូចជាប៉ះពាល់ ដល់ការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ យើងដែរ។ ទោះយ៉ាងនេះក្តី ក៏ការហ្វឹកហាត់ លក្ខណៈប្រមូលផ្តុំ ត្រូវបានធ្វើឡើងប្រមាណ១០ប្រភេទកីឡាហើយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC គូសបញ្ជាក់ថា បច្ចុប្បន្នយើងបានមូលមតិគ្នានៅក្នុងកិច្ចពិភាក្សាគ្នា ជាញឹកញាប់ ជាមួយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តម ទទួលបន្ទុកវិស័យកីឡា ទាំងមូលបានបង្ហាញឆន្ទៈចង្អុល ឲ្យក្រុមការងារ បច្ចេកទេសទាំងអស់ ឲ្យរៀបចំការហ្វឹកហាត់បន្ត ក៏ដូចជាស្នើសុំឲ្យ សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ ឲ្យពិនិត្យមើលលទ្ធភាព នៃការប្រមូលផ្តុំឡើងវិញ ដើម្បីត្រៀម ចូលរួមប្រកួតប្រជេង មេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ដូច្នេះពេលវេលានេះ កាន់តែខើចទៅៗ ដែលយើងត្រូវតែរៀបចំ ការប្រមូលផ្តុំហ្វឹកហាត់ ត្រៀមឲ្យបានមុនពេលប្រកួត យ៉ាងហោចណាស់ ក៏បាន៧ខែទៅ៨ខែដែរ ដើម្បីបង្កើនសមត្ថភាព កម្លាំងកាយបច្ចេកទេស របស់យើងឲ្យមានសមត្ថភាព មួយមានភាពស្មើមុខស្មើមាត់ទាំង កម្លាំងកាយ បច្ចេកទេស ក្នុងការប្រកួតប្រជែងមេដាយ តាមគោលបំណង របស់យើងដែលចង់បាន។

ម្យ៉ាងទៀត ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ លើគ្រប់ប្រភេទកីឡាទាំងអស់នេះ អាចបង្កើនគុណភាព បច្ចេក ទេសបានផង ហើយអាចការពារការរីករាលដាល នៃជំងឺកូវីដ-១៩បានផង ដែល២ចំណុចសំខាន់ៗ ទាំងពីរនេះគឺជាយុទ្ធសាស្ត្រ ត្រូវដើរស្របគ្នា ហើយអ្វីដែលសំខាន់ គឺឆន្ទៈដ៏មុះមុតរបស់កីឡាករ កីឡាការិនី ជម្រើសជាតិ គ្រូបង្វឹក សហព័ន្ធកីឡាជាតិ នីមួយៗបូកជាមួយគោលការណ៍ ដឹកនាំរបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា អគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ស្របគ្នានឹង ការជួយគាំទ្រពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ដើម្បីជំរុញឲ្យយុទ្ធសាស្រ្ត ទាំងពីរនេះដើរទន្ទឹមគ្នា។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា CAMSOC តែងតែធ្វើទំនាក់ទំនង ជាប់រហូតជាមួយ សាធារណរដ្ឋ ប្រជាមានិតចិន ក្រសួងកីឡាចិន តាមរយៈស្ថានទូតចិន តែងតែបញ្ជូនសារទៅវិញទៅមក ជាមួយកម្ពុជា ក្នុងការភ្ជាប់ជំនួនអភិវឌ្ឍជំនាញ បច្ចេកទេសកីឡាកម្ពុជា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ដែលជាការត្រៀម ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយយើងបានត្រៀម ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ចំនួន១៣៥នាក់ បូករួមទាំង គ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬពីរនាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្សរបស់ខ្លួន សម្រាប់ការហ្វឹកហាត់ នៅប្រទេសចិន ដោយត្រៀមចេញទៅហ្វឹកហាត់ នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១។ អត្តពលិកកម្ពុជា ចំនួន១៥៣នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗ ជាងគេបំផុតក្នុងចំណោម ជាង១០ប្រភេទកីឡា ដែលភាគីចិន ជាអ្នកមកជ្រើសរើស ដោយខ្លួនឯង។ ក្រៅពីការហ្វឹកហាត់ នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេ ត្រៀមចេញទៅហ្វឹកហាត់ នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនី មានឈាមជ័រជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី