ព័ត៌មានជាតិ

ម៉ាស និងសម្ភារៈវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ដឹកជញ្ជូនតាមយន្តហោះពិសេស យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកនេះ


នៅព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដឹកជញ្ជូនម៉ាស និងសម្ភារៈវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលកម្ពុជា តាមយន្តហោះពិសេស យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
តាមការបញ្ជាក់របស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា ពិធីប្រគល់ ទទួលប្រព្រឹត្តទៅនៅព្រឹកថ្ងៃដដែល នាបរិវេណអាកាសយានដ្ឋានអន្តរជាតិណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រវាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ភាគីមីយ៉ាន់ម៉ា គឺឯកឧត្ដម បណ្ឌិត ម្ញីន​​ ធ្វេ រដ្ឋមន្ត្រី រដ្ឋមន្ត្រីសុខាភិបាល និងកីឡា តំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនេះ សម្តេចតេជោហ៊ុន សែន បានចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០នេះ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី