ព័ត៌មានកីឡា

អត្តពលិកវ៉ូវីណាមកាន់តែកក់ក្តៅ ក្នុងការហ្វឹកហាត់ត្រៀមស៊ីហ្គេមក្រោយទទួលការចាក់វ៉ាក់សាំង លើកទី២


លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ក្រោយការចាក់វ៉ាក់សាំងបង្ការ COVID-19 ជាលើកទី២ រួចរាល់ហើយនោះកាន់តែជួយជំរុញឱ្យ អត្តពលិកវ៉ូវីណាមហ្វឹកហាត់ត្រៀម ស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម កាន់តែកក់ក្តៅ ។ នៅក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ មេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា សរុប១០៥១នាក់ ដើម្បីត្រៀមហ្វឹកហាត់ ចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើក ទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា-ធ្នូ ២០២១ខាងមុខនេះ ដែលក្នុងនោះ ក្រុមដឹកនាំ និង កីឡាករ-កីឡាការិនី កីឡា វ៉ូវីណាម ក៏ចូលរួមចាក់ដែរ ។ លោក អ៊ូ រតនា បានបន្តថា ទោះបីជាបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្អាកការ លេងកីឡា ឬហ្វឹកហាត់ជុំគ្នា នៅតាមសហព័ន្ធកីឡា នីមួយៗក៏ពិតមែន ប៉ុន្តែក្រុមជម្រើសជាតិនានា ត្រូវបានលើកទឹក ចិត្តឱ្យ បន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗ ខ្លួនផ្នែកកម្លាំង និងបច្ចេកទេសនានា។ ចំណែកកីឡាករ-កីឡាការិនី វ៉ូវីណាម ជាច្រើននាក់ក៏ហ្វឹកហាត់ដូចគ្នាតាមផ្ទះរៀងៗខ្លួនតាមអំពាវនាវ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងថ្នាក់ដឹកនាំ សហព័ន្ធ ។ លោក បានបន្ថែមថា “ពួកយើងត្រូវការហ្វឹកហាត់ ជាប្រចាំពីព្រោះកីឡាករ-កីឡាការិនី វ៉ូវីណាមផ្នែកប្រយុទ្ធ ត្រូវរក្សាទម្ងន់ សម្រាប់ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ប្រសិនបើមិនហ្វឹកហាត់ ឱ្យជាប់ជា ប្រចាំនោះទេ គឺនឹងអាចឡើងទម្ងន់ មិនអាចចូលរួម ប្រកួតបានឡើយ”៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី