ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ


នារសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកជំទាវ KIM Kyung Hee អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកជំទាវ KIM Kyung Hee តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ធ្វើជាសហប្រធានជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកនេះ ។ ភាគីទាំងពីរ បានធ្វើការពិនិត្យ និងពិភាក្សារួមគ្នាលើគោលនយោបាយ, យុទ្ធសាស្ត្រភាពជាដៃគូ, និងបេក្ខភាពគម្រោងអាទិភាព​សម្រាប់កិច្ចសម្របសម្រួលក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់, ទស្សនទាន, ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) របស់សាធារណរដ្ឋកូរ៉េ ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិ​សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF/Korea Eximbank) និងហិរញ្ញប្បទានឥតសំណង (Grant Aid) ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program - KSP) ដោយសម្រេចបាននូវការឯកភាពគ្នាជាគោលការណ៍ដោយបានចុះហត្ថលេខារួមគ្នា​លើឯកសារកំណត់ហេតុ (Aide Memoire of 4th Integrated ODA Policy Dialogue) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់គួរជាទីមោទនភាព ក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី ៤ រវាងរដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាពគម្រោងអភិវឌ្ឍន៍ទៅតាម​វិស័យ អាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន​ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា ដូចជា ផ្លូវជាតិ និងផ្លូវជនបទ, ធារា-សាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុង ​វិស័យ​អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនេះ, ភាគីទាំងពីរ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀតផងដែរ លើការចុះហត្ថលេខាកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព (Sustainable Rural Connectivity Improvement Project) ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០ លានដុល្លារអាមេរិក ។

ជារួម, គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណ ជាង ៤៥៥ លានដុល្លារ អាមេរិក ។ ការដាក់​ចេញនូវគោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការពីសាធារណរដ្ឋកូរ៉េ គឺផ្អែកតាមផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​របស់​រាជរដ្ឋាភិបាលកម្ពុជា (NSDP), យុទ្ធសាស្ត្រភាពជាដៃគូ (Country Partnership Strategy-CPS), យុទ្ធសាស្រ្តនៃការគ្រប់គ្រងបំណុល (Debt Strategies) ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ក៏ដូចជា អនុលោមផងដែរ ទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលកន្លងមក បានផ្តល់ឥណទានសម្បទានសម្រាប់កម្មវិធីឆ្លើយតបបន្ទាន់ទៅនឹងជម្ងឺកូវីដ-១៩ (Program Loan for Covid-19 Emergency Response) ដែលមានទឹកប្រាក់ឥណទានចំនួន ៥០ លានដុល្លារអាមេរិក ដើម្បី លើកស្ទួយ និងស្តារសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលដ៏សែនលំបាកដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ។

លោកជំទាវ KIM Kyung Hee បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិ​ជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឱ្យកម្ពុជាត្រឡប់មករកប្រក្រតីភាពនៃការបើកប្រទេសឡើងវិញ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ទាំងក្នុងក្របខ័ណ្ឌ​ឥណទានសម្បទាន និងហិរញ្ញប្បទាន​ឥតសំណង ព្រមទាំង កម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program - KSP) ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership - PPP) និង ការវិ-និយោគឯកជន ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង