ព័ត៌មានជាតិ

នៅព្រឹកថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសឯកឧត្តមនឹងបញ្ចប់អាណត្តិបេសកកម្មការទូត នៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តម Christian Berger អំពីការងារសម្រេចបានគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣ ឆ្នាំ (ឆ្នាំ២០១៩-ឆ្នាំ២០២២) នៃការបំពេញ បេសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ។ ជាក់ស្តែង សមិទ្ធិផលជាច្រើន ក្នុងអាណត្តិរបស់ឯកឧត្តម ក្នុងនោះរួមមាន ការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និង ការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈកម្មវិធីគាំពារសុខភាពសង្គម (Social Health Protection Program) និងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Identification of Poor Households-ID Poor) តាមរយៈទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ)។ លើសពីនេះ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកច្រកប្រភពហិរញ្ញប្បទានថ្មីសម្រាប់ កម្ពុជា គឺជាការផ្តល់ឥណទានសម្បទាន តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។

ឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន ៣០ លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាព ថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មក នៅឆ្នាំ ២០២០ ដែលមានចំនួន ៣០ លានអឺរ៉ូ ដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ។

បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម Christian Berger បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែល រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានមួយថ្មីទៀត ចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។

ការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែមសម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។

ជារួម ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។ គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ ៧០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០ លានដុល្លារអាមេរិក)។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវមូលវិចារណ៍ថ្លៃថ្លា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបាននិងបន្ដគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យបានទទួលជោគជ័យថ្មីៗ ជាបន្តបន្ទាប់ទៀត នៅក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋអាល្លឺម៉ង់ប្រគល់ជូន។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង