ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ាន លើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ


រាជធានីភ្នំពេញ ថ្ងៃទី ៧-៨ ខែមេសា ឆ្នាំ ២០២២

កាលពីថ្ងៃទី ៧-៨ ខែមេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើជាសហប្រធាន និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB),​​ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ព្រមទំាងក្រុមប្រឹក្សាធុរកិច្ច ។ កិច្ចប្រជុំបានពិនិត្យ និងផ្លាស់ប្តូរយោបល់លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើហានិភ័យ, បញ្ហាប្រឈម, កាលានុវត្តភាព និងជម្រើសវិធានការគោលនយោបាយនានាដើម្បីឆ្លើយតបលើវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន, សំដៅធានាឱ្យបាននូវការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ និងបន្តកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់ ។

ដើម្បីគាំទ្រដល់មូលបទរួមរបស់កម្ពុជា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, “អាស៊ានរួមគ្នាធ្វើ៖ ដោះ​​ស្រា​​យបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់អាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ដុអាស៊ាន រួមមាន៖ (១).ការស្តារ ឡើងវិញ (Recovery), (២).ការកសាងភាពធន់ (Resiliency), និង (៣).ការរួបរួមគ្នា (Togetherness) ។ ផ្អែកលើអាទិភាពទាំង ៣ នេះ, កម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការរវាងសមាជិកអាស៊ានឱ្យកាន់តែស្អិតរមួត ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងសកលលោក ដូចជា ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើឱ្យស៊ីជម្រៅនូវ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូ, ការពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់, ការជំរុញ ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការស្តារសេដ្ឋ-កិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព, ការធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព ។

នៅក្នុងកិច្ចពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ពីការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកក្នុងកំណើន ៤.៤ ភាគរយ (ព្យាករណ៍ដោយ IMF) និងសេដ្ឋកិច្ចអាស៊ានក្នុងកំណើនប្រមាណ ៥.១ ភាគរយ (ព្យាករណ៍ដោយ AMRO) ក្នុងឆ្នាំ ២០២២ នេះ ។ ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានកត់សម្គាល់ពីហានិភ័យមួយចំនួន ដែលកំពុងជះឥទ្ធិពលអវិជ្ជមានមកលើសម្ទុះនៃការស្តារសេដ្ឋកិច្ចតំបន់ ដូចជា ការបន្តរីករាលដាលនៃវីរុសថ្មីៗនៃជំងឺកូវីដ-១៩, ការបន្ទច់បង្អាក់នៃខ្សែច្រវាក់ផ្គត់ផ្គង់, បញ្ហាសង្រ្គាមនៅតំបន់អឺរ៉ុបខាងកើត, ការកើនឡើងខ្ពស់នៃអតិផរណា និងការប្រែប្រួលអាកាសធាតុ ជាដើម ។ ក្នុងបរិបទនេះ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សំដៅជំរុញការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ, (២). ការជំរុញការចាប់យកកាលានុវត្តភាពពីឌីជីថលូប- នីយកម្ម និង (៣). ការកៀគរហិរញ្ញប្បទានក្នុងស្រុកសម្រាប់ការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញ ការវិនិយោគពីវិស័យឯកជនដើម្បីពន្លឿនការអភិវឌ្ឍបៃតង ។ល។

បន្ថែមពីនេះ, អង្គប្រជុំក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ផងដែរ ដូចជា៖ (១). ការអនុម័តយន្តការផ្តល់ហិរញ្ញប្បទានបៃតង អាស៊ាន (ASEAN Catalytic Green Finance Facility-ACGF) ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានអចិន្រ្តៃយ៍​ បន្ទាប់ពីដំណើរការសាកល្បងអស់រយៈពេលបីឆ្នាំ, (២). ការដាក់ចេញនូវឯកសារ ASEAN Taxonomy-Version 1 ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់,​ (៣). ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងដែន, (៤). ការបន្តបញ្ចប់បន្ថែមលើការចរចារ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា (DTA), (៥). ការអនុវត្តកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី ២ និង (៦). ការសម្រេចបាននូវការអនុវត្តប្រព័ន្ធទូទាត់ QR កូដឆ្លងដែនទ្វេភាគី រវាងសមាជិក អាស៊ានមួយចំនួន ។

ផ្អែកលើចក្ខុវិស័យរបស់អាស៊ានក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចកាបូនទាប (Low-carbon Economy) និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានទទួលស្គាល់ពីភាពចាំបាច់ក្នុងការបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការជំរុញរបៀបវារៈពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) សម្រាប់ឆ្នាំ ២០២២ នេះ ដោយផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន៖ (១).​ការបន្តរៀបចំ ASEAN Taxonomy ដើម្បីជាឯកសារគោលក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ឆ្ពោះទៅរកការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព, (២). ការបង្កើតស្តង់ដារសញ្ញាបណ្ណភ្ជាប់និរន្តរភាព (Sustainability- linked Bond Standard) ដើម្បីជួយប្រទេសមានការអភិវឌ្ឍតិចតួចក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងចីរភាព ដែលនេះគឺជាសមិទ្ធផលអាទិភាពមួយសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរ និង (៣). ការជំរុញការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគាំទ្រ និងអនុវត្ត ហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) ក្នុងតំបន់អាស៊ាន ។

ក្នុងអំឡុងពេលនៃ កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី​ ៨ នេះ, អង្គប្រជុំក៏បានជួបពិភាក្សាជាមួយវិស័យឯកជន រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហគមន៍អឺរ៉ុប-អាស៊ាន ផងដែរ ។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទមួយចំនួន រួមមាន៖ (១).ការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុ និងវិនិយោគក្នុងតំបន់, (២). ផលប៉ះ-ពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយមកលើសេដ្ឋកិច្ចតំបន់, (៣). ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និង (៤). ការអនុវត្តឌីជីថលក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងវិស័យហិរញ្ញវត្ថុ ។ តាមរយៈកិច្ចពិភាក្សានេះ, វិស័យឯកជនបានស្នើសុំសមាជិកអាស៊ាន ផ្តោតកិច្ចសហប្រតិបត្តិការលើការបន្តកែលម្អបរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួយបន្ថែមទៀតសម្រាប់វិស័យឯកជន ក្នុងការចូលរួមផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើអន្តរកាលថាមពល (Energy Transition), ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់ ពិសេស លើការទូទាត់ឆ្លងដែន និងពន្លឿនប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានឱ្យកាន់តែខ្លាំងក្លាជាងមុន ។

​ ជារួម, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ និងវាយ-តម្លៃខ្ពស់ចំពោះសមិទ្ធិផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ និង បានលើកទឹកចិត្តដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធ ឱ្យបន្តខិតខំបន្ថែមទៀត សំដៅសម្រេចបាននូវផែនការសកម្មភាពរបស់ខ្លួន និងគោលដៅយុទ្ធសាស្រ្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ ដើម្បីគាំទ្រដល់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខាងមុខ។

​ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សហប្រធានអង្គប្រជុំបានសំដែងនូវ អំណរគុណចំពោះបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ច ដែលបានផ្តល់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុល ក្នុងកិច្ចពិភាក្សាដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ​២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូចបានគ្រោងទុក ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង