ព័ត៌មានកីឡា

ឯកឧត្តម អ៊ុក សិទ្ធិជាតិ សំណូមពរឲ្យសមាគមរាជធានីខេត្តកីឡាអត្តពលកម្មបន្តការខិតខំដើម្បីឲ្យគុណផលកីឡាករ កីឡាការិនីឈានចូលស្តង់ដា ស៊ីហ្គេម


ឯកឧត្តម អ៊ុក សិទ្ធិជាតិ សំណូមពរឲ្យសមាគមរាជធានីខេត្តកីឡាអត្តពលកម្មបន្តការខិតខំដើម្បីឲ្យគុណផលកីឡាករ កីឡាការិនីឈានចូលស្តង់ដា ស៊ីហ្គេម ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក កីឡា និងជាប្រធានសហព័ន្ធ ខ្មែរកីឡាអត្ត ពលកម្មបានលើកបង្ហាញ នូវគុណផលកីឡា របស់កីឡាករ កីឡាការិនី ដែលចូលរួម ប្រកួតកីឡា អត្តពលកម្ម ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ មានកម្រិតបច្ចេកទេសខ្ពស់ល្អជាង ការប្រកួត ជើងឯកថ្នាក់ជាតិ ២០១៩ ប៉ុន្តែគុណផល របស់កីឡាករ កីឡាការិនី មិនទាន់ឈាន ដល់គុណផលស៊ីហ្គេម នៅឡើយទេ ។ នេះជាការលើក ឡើងរបស់ ឯកឧត្តម នៅក្នុងឱកាសបិទ ការប្រកួតកីឡា អត្តពលកម្ម ជើងឯកថ្នាក់ជាតិ ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តម បានលើកឡើងទៀតថា បើប្រៀបធៀប ទៅលើគុណផល កីឡារបស់កីឡាករ កីឡាការិនី ដែលប្រកួតជើងឯក ឆ្នាំ២០២០ នេះ មានកម្រិតខ្ពស់ល្អជាង កាលពីឆ្នាំ២០១៩ កន្លងទៅ ប៉ុន្តែបើពិនិត្យ លើគុណផល ប្រៀបធៀប នឹងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កន្លងមកនោះ គឺយើងមិនទាន់ ឈានទៅ ដល់ក្នុងកម្រិតគុណផល ស៊ីហ្គេម នៅឡើយទេ ។ ដូច្នេះហើយ ក្នុងនាមគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ ឯកឧត្តម សំណូមពរ ដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សមាគម-ក្លិប រាជធានីខេត្ត បន្តកិច្ចខិតខំ បន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែង មេដាយច្រើន ជូនជាតិ មាតុភូមិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមសន្ទស្សន៍ មេដាយរបស់ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដាក់ឲ្យ សហព័ន្ធកីឡាជាតិ នានា ។ ឯកឧត្តម ក៍បានសង្កត់ធ្ងន់ ទៅលើបញ្ហារកំណែទម្រង់ មាន៤ចំណុច ដែលសំខាន់ៗ គឺការកែលម្អរជួសជុល ហេដ្ឋារចនាសម្ព័ន្ធទី លានប្រកួត, ការបណ្តុះបណ្តាល ធនធានមនុស្ស, កំណែទម្រង់ ការប្រកួត និងពង្រឹងសហព័ន្ធកីឡាជាតិ ដែលក្នុងនោះ ការកែទម្រង់ការប្រកួត ដោយការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួត មួយក្នុងកម្រិតខ្ពស់បំផុត ។  សម្រាប់វិញ្ញាសា អត្តពលកម្ម ក្នុងស៊ីហ្គេម ត្រូវមាន៤៧វិញ្ញាសា ហើយបច្ចុប្បន្ន កម្ពុជាបានត្រៀមបាន២៤វិញ្ញាសា ប្រមាណ៥០%ហើយ ហើយនៅសល់ពេល២ឆ្នាំទៀតយើងត្រូវតែពង្រីកធ្វើយ៉ាងណា ឲ្យត្រូវតាមស្តង់ដាអន្តរជាតិ ។
សូមបញ្ជាក់ថា ឆ្លងកាត់ ការប្រកួត អសរយៈពេល៣ថ្ងៃកន្លងមកនេះ  គណៈកម្មការបច្ចេកទេសសម្រិតសម្រាំង បានម្ចាស់ជ័យលាភី ដោយក្រសួងការពារជាតិ ដណ្តើមបានចំណាត់ ថ្នាក់លេខ១ មេដាយ សរុប១៦គ្រឿង ក្នុងនោះ មេដាយមាស ១១គ្រឿង និងមេដាយ ប្រាក់៥គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ១២គ្រឿង មាស៥ ប្រាក់២ និងសំរឹទ្ធ៥ និងចំណាត់ ថ្នាក់លេខ៣ ខេត្តព្រៃវែង មេដាយសរុប៦គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ១ ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ បានប្រើប្រាស់ ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ដោយមាន កីឡាករ កីឡាការិនី អត្តពលកម្ម ចូលរួមប្រកួតប្រជែង មេដាយសរុប ចំនួន២០៥នាក់ (ស្រី៧៥នាក់) មកពី១៦ រាជធានី-ខេត្ត និងក្រសួងចំនួនពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង