ព័ត៌មានជាតិ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» តាម​ប្រព័ន្ធវីដេអូ


ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២​, ដោយទទួលបាននូវការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជា​ផ្លូវការ​នូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» តាម​ប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធានគណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, សមាគមជាតិ-អន្តរជាតិ, សហជីព, ម្ចាស់រោងចក្រ, ម្ចាស់ម៉ាកផលិតផល និងអ្នកបញ្ជាទិញ ផងដែរ។

ដោយផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រាក់ឈ្នួលនិងថ្លៃផលិតកម្មប្រកួតប្រជែង ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្តមភាពប្រកួតប្រជែងដ៏រឹងមាំរបស់ កម្ពុជា, វិស័យកាត់ដេរ ផលិត​ស្បែកជើង និងកាបូបបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់​។ ជាក់ស្តែង ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨, ការនាំចេញនៃ វិស័យនេះ បានរួមចំណែកក្នុងទំហំប្រមាណជាង​ ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា និង​នៅតែរក្សាបានក្នុងកម្រិតខ្ពស់ ពោលគឺជាមធ្យមជាង ៧០% នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ មកទល់នឹងបច្ចុប្បន្ន ខណៈដែលកម្ពុជាបាននិង​កំពុង​ធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត​ ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿង បង្គុំអេឡិចត្រូនិក ជាដើម។

ថ្វីបើវិស័យនេះត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់, រចនាសម្ព័ន្ធនៃវិស័យនេះក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមក​ មិនទាន់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយនៅតែជាមជ្ឈមណ្ឌលផលិតកម្មមានតម្លៃបន្ថែមទាប ហើយសមាហរ-ណកម្មនៃឧស្សាហកម្មគាំទ្រនៅក្នុងដំណើរការផ្សេងទៀតនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃនៅមានកម្រិត។ ជាមួយគ្នានេះ​, និន្នាការ និងការវិវត្តសំខាន់ៗក្នុងវិស័យនេះបានលេចឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ទាំងក្នុងកម្រិតគោលនយោបាយ និងកម្រិតប្រតិបត្តិការ ជាពិសេស លើ​កិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន។ ជាក់ស្តែង, ការទទួលខុសត្រូវលើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ជាពិសេស ការជំរុញការប្រើប្រាស់ថាមពល កកើតឡើងវិញនៅក្នុងដំណើរការផលិតកម្ម កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកបញ្ជាទិញ និងប្រទេសនានា​ ដែលជាទីផ្សារនាំចេញរបស់កម្ពុជា។​ ទន្ទឹមនេះ, ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩ និងការ បន្ទច់បង្អាក់មកលើខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃរបស់តំបន់ និងសកល នាពេលថ្មីៗនេះ បានវិវត្តក្លាយជាបញ្ហាប្រឈម និង​សម្ពាធ​បនែ្ថម ដល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជា។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឱ្យ អនុវត្តនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹងនិងគ្រប់គ្រងការអភិវឌ្ឍ វិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈមនិងកាលានុវត្តភាពព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់និងពិភពលោក។ ក្នុងន័យនេះ តាមរយៈការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ ២០២៧។

ជាចុងក្រោយ រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្រ្តនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម​ជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យកាត់ដេរ​ ក៏ ដូចជា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ យុទ្ធសាស្ត្រនេះក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ផងដែរ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង