ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញទៅពិនិត្យទីតាំង សម្រាប់ថត ល្បែងប្រជាប្រិយ៍ និងល្បែងកំសាន្តផ្សេងៗ នៅទីតាំង កោះស្លាកែត ស្រុកគៀនស្វាយ ខេត្តកណ្តាល


ដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន ដើម្បីធ្វើកម្មវិធីកំសាន្ត សប្បាយ ថ្មី ប្លែក សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រោមឱវាទ និងក្រុមការងារ ថតកម្មវិធីសិល្បៈកំសាន្ត របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញទៅពិនិត្យទីតាំង សម្រាប់ថតកម្មវិធី ល្បែងប្រជាប្រិយ៍ និងល្បែងកំសាន្តផ្សេងៗ នៅទីតាំង កោះស្លាកែត ស្ថិតក្នុងភូមិ ដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញពិនិត្យមើល ស្ទីតយោ កោះស្លាកែត របស់ លោក ពេជ្រ ចិត្រ្តា អគ្គនាយកក្រុមហ៊ុន Davitra Media ជាផលិតកម្មដំបូង បោះទុនរាប់លានដុល្លា នាំយកឧបករណ៍ស្ទីតយោលំដាប់ពិភពលោកមកកាន់កម្ពុជា។

តាមការបញ្ជាក់របស់ អ្នកគ្រប់គ្រងបានអោយដឹងថា ផលិតកម្មដាវីត្រាមីឌៀ គឺជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបានបោះទុនរាប់លានដុល្លា វិនិយោគទៅលើការសាងសង់ស្ទីតយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗ ជាច្រើនទៀត ដាក់បំពាក់ក្នុងស្ទីតយោ របស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីតយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគទៅលើការទិញសំភារះស្ទីតយោដែលមានតម្លៃថ្លៃ ផលិតកម្មដាវីត្រាមីឌៀរ ក៏បាន វិនិយោគរាប់លាន ដុល្លារទៅលើការសាងសង់ស្ទីតយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទីតយោ ពិភពលោកលើផ្ទៃដី១០ ហិកតាផងដែរ។ លើសពីនោះទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទីតយោ ថតសំលេង និងស្ទីតយោ ថតវីដេអូខាងក្នុង និងខាងក្រៅដែលមានទេសភាពស្អាតៗអាចថតបានច្រេីនសកម្មភាព ច្រេីនឆាក និងច្រេីនទីតាំង។

ជាមួយនិងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមីឌៀរក៏មានក្រុមការងារសុទ្ធតែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទីតយោ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សំភារៈទាំងអស់នេះផងដែរ។

ផលិតកម្មដាវីត្រាមីឌៀ បច្ចុប្បន្ននេះ មានអ្នកចម្រៀងជាយុវវ័យ ប្រមាណជាង ១០ នាក់ កំពុងថត ច្រៀងអោយ ក្រុមហ៊ុន តាមរយៈអ្នកនិពន្ធ ចំនួន ៤ រូប ដែលរហូតមកដល់ពេលនេះ បានផលិត និងថត ចម្រៀងបានចំនួន ជាង ១០០ បទ ។

នៅក្នុងឱកាសនោះ លោក អគ្គនាយកក្រុមហ៊ុន Davitra Media បានសំដែងការស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារថតកម្មវិធីសិល្បះ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលចង់មកផ្តិតយកទិដ្ឋភាព ស្រស់ស្អាតបែបធម្មជាតិ ដើម្បីថត កម្មវិធី ល្បែងកំសាន្ត និងកម្មវិធី សប្បាយៗ ផ្សេងៗ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក លោក ពេជ្រ ចិត្ត្រា អគ្គនាយកក្រុមហ៊ុន Davitra Media ដែលបានអនុញ្ញាត្តិ ផ្តល់ទីតាំងអោយក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា រៀបចំថតកម្មវិធី សិល្បៈកំសាន្ត សប្បាយ ដើម្បីតៀមទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ដូច្នេះចាប់ពីពេលនេះទៅ ក្រុមការងារ ទទក នឹងត្រៀមរៀបចំ កម្មវិធីថតអោយបានច្បាស់លាស់ ដែលគ្រោងថត រយៈពេល ២ ទៅ ៣ ថ្ងៃ តែអ្វីដែលសំខាន់ គឺក្រុមការងារ ត្រូវតែអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា បង្ការទប់ស្កាត់ការឆ្លងរីករាលដែលនៃជំងឺកូវីដ-១៩ ពិសេស អូមីក្រុង ដែលកំពុងមានកការឆ្លងកើនឡើង គួរអោយបារម្មណ៍ ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង