ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID))


នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអនុញ្ញាតឱ្យគណៈប្រតិភូ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលដឹកនាំដោយលោកស្រី Nancy Eslick ប្រធានបេសកកម្មថ្មីរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅទីស្តីការក្រសួងសុខាភិបាល។

 

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសុខាភិបាលនិងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ គ្រុនចាញ់ របេង និងជំងឺឆ្លងថ្មីៗផ្សេងទៀត។ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមករហូតឈានទៅគ្រប់គ្រងការរាតត្បាត និងការបើកប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។ លទ្ធផលសម្រេចដ៏ជាទីមោទនៈនេះ បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងផែនការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ តាមយុទ្ធសាស្រ្តផ្ការីក។

លោកស្រី Nancy Eslick ប្រធានបេសកកម្មថ្មីរបស់ USAID បានអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។ តបតាមការស្នើសុំរបស់លោកជំទាវរដ្ឋលេខាធិការ USAID នឹងបន្តគាំទ្រពង្រឹងវិស័យសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការផ្នែកឌីជីថលសុខាភិបាល ប្រព័ន្ធបញ្ជូន និងជំងឺមិនឆ្លង។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ USAID ដែលជានិច្ចកាលតែងតែសហការ គាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីលើកម្ពស់សុខភាពរបស់ប្រជាជន ឈានទៅកាន់គ្របដណ្តប់សុខភាពជាសកលដោយមិនទុកចោលប្រជាជនណាម្នាក់ឡើយ។ លោកជំទាវ បានឆ្លើយតបទៅនឹងសំណើរបស់លោកស្រីប្រធានអង្គការ USAID ហើយលោកជំទាវបានលើកទឹកចិត្តឱ្យ USAID បន្តនូវការជួបប្រជុំ ដើម្បីផ្លាស់ប្តូរនូវព័ត៌មានក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល រវាងភាគីទាំងពីរដើម្បីសិក្សាពីចំណុចខ្លាំង ចំណុចខ្សោយ នៃកិច្ចសហប្រតិបត្តិការ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង