ព័ត៌មានកីឡា

ឯកឧត្តម កែវ រ៉េមី៖ ការដាក់ឲ្យតេក្វាន់ដូ ITF ប្រជែងមេដាយមាស ១៥គ្រឿងក្នុងស៊ីហ្គេម ២០២៣ គឺជាអម្រែ កធ្ងន់


ឯកឧត្តម កែវ រ៉េមី៖ ការដាក់ឲ្យតេក្វាន់ដូ ITF ប្រជែងមេដាយមាស ១៥គ្រឿងក្នុងស៊ីហ្គេម ២០២៣ គឺជាអម្រែ កធ្ងន់ ប៉ុន្តែជាមោទនភាពដ៏ធំធេង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន សហព័ន្ធកីឡាតេក្វាន់ដូអាយ.ធី.អេហ្វ (ITF) កម្ពុជាមានប្រសាស៍ថា (ការដាក់ជាផែនការយុទ្ធសាស្ត្រ ឲ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាប្រជែងមេដាយមាសឲ្យបាន១៥គ្រឿង គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃ ដែលឲ្យយើងដាក់គោលដៅឈ្នះមេដាយមាសបែបនេះ គឺជាមោទនភាពដ៏ធំធេងរបស់យើងទៅវិញ ។) នេះជាប្រសាសន៍ប្រកបដោយភាពជឿជាក់របស់ឯកឧត្តម កែវ រ៉េមី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតដំឡើងថ្នាក់ដាន់របស់កីឡាករ កីឡាករិនីជម្រើសជាតិ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ (ការវាយតម្លៃនេះ បានកម្រិតឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿង គឺមិនមែនជារឿងសាមញ្ញទេ ពោលគឺច្រើនជាងគេតែម្តង។ ជាធម្មតា ការកម្រិតនូវមេដាយមាស១៥គ្រឿងនេះ គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃនេះ ក៏ជាមោទនភាពរបស់យើងដែរ ដោយគណៈកម្មាធិការជាតិ បានដឹងពីកម្រិតគុណភាពយើងប៉ុណ្ណា។ ដូច្នេះ ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងជម្រុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ បង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីធានាថាត្រូវតែយកឲ្យបានមេដាយមាស១៥គ្រឿង។ ខ្ញុំសូមជម្រាបជូនថា យើងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ តាម រយៈការបង្កើនការហ្វឹកហាត់ ការពង្រឹងវិន័យ។ មនុស្សទាល់តែមានវិន័យ ទើបការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព ។) នេះជាការអះអាងបន្ថែមរបស់ឯកឧត្តម កែវ រ៉េមី ។ ឯកឧត្តមសង្កត់ធ្ងន់ថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយជាមួយម្ចាស់ផ្ទះកម្ពុជា មានដូចជា សឹង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម ដោយឯកឧត្តមចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មានភាពខ្លាំក្លាលើប្រភេទតេ ក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបស័គ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ ហើយកម្ពុជាក៏មានបទពិសោធន៍យ៉ាងច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោក និងអាស៊ីជាដើម ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបស័គ្គធំពេកទេ។ ឯកឧត្តមបានលើកឡើងថា ទោះបីជាបែបនេះ ក៏យើងមិនមែនភ្លេចខ្លួន មើលស្រាលគេ ឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃសម្រាប់ការហ្វឹកហាត់ ដោយការហ្វឹកហាត់ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិនមានការភ័យខ្លាចសម្រាប់ការប្រកួតឡើយ ដែលចំណុចទាំងអស់នេះ ឯកឧត្តមតែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យកាន់តែមានស្មារតីមុះមុតបន្ថែមទៀត ។ ឯកឧត្តមប្រធានសហព័ន្ធបន្ថែមថា នៅក្នុងការប្រកួតនេះ គឺពិនិត្យមើលលើកម្រិតគុណភាពបច្ចេកទេសរបស់ កីឡាករ កីឡាការិនីជម្រើជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ហើយជាពេលវេលាមួយ ដែលត្រូវដំឡើងខ្សែក្រវាត់ ខណៈការពិនិត្យមើលគុណភាពបច្ចេកទេសរបស់ពួកគាត់មិនមានការប្រែប្រួលនោះទេ ដោយមានអ្នកខ្លះធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តមិនមានបញ្ហាអ្វីទេ សម្រាប់យុវជនទាំងនេះ។ អ្វីដែលយើងនិយាយគឺឲ្យខ្លាំងបន្តិច ដើម្បីជំរុញពួកគាត់ឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីជាក្តីសង្ឃឹមសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលប្រភេទកីឡាតេក្វាន់ដូ ITF នឹងអាចកសាងប្រវត្តិសាស្ត្រថ្មី ក្នុងការប្រជែងមេដាយជូនជាតិ។ សូមអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC), គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់តេក្វាន់ដូ ITF ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ គឺជាកិត្តិសធំធេងណាស់។ អ្វីជាការវាយតម្លៃរបស់ CAMSOC ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដាក់ផែនការយុទ្ធសាស្ត្រឲ្យតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿងនោះ គឺដោយសារការមើលឃើញពីស្នាដៃ សមត្ថភាព ដែលយើងធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើន ពីអតីតកាល នៅក្នុងតំបន់ អាស៊ី និងពិភពលោក ហើយបានចាត់ទុកថា តេក្វាន់ដូ ITF កម្ពុជា មានសក្តានុពល ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង