ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា ចែករំលែកការងារអាទិភាពចំនួន ៥ ទាក់ទងនឹងការកៀរគរធនធានដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ ក្នុងបរិបទនៃជំងឺកូវីដ-១៩


ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយតាមការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងតំណាងរដ្ឋាភិបាលមកពី ៤៥ ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក។

សិក្ខាសាលានេះ មានគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរដ្ឋដែនកោះដែលកំពុងអភិវឌ្ឍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារសំខាន់នៃសិក្ខាសាលានេះ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និងបានចែករំលែកការងារអាទិភាពចំនួន ៥ ទាក់ទងនឹងការកៀរគរធនធានដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០។ ការងារទាំងនោះរួមមាន៖

ទី១៖ ប្រែក្លាយការគំរាមកំហែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ ដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងពង្រឹងការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល។

ទី២៖ លើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្តល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាអត្ថប្រយោជន៍ពីសកលភាវូបនីយកម្មត្រូវបានចែករំលែកដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព។

ទី៣៖ បន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍ ក៏ដូចជា លើកកម្ពស់តួនាទី និងថាមវន្តរបស់វិស័យឯកជន ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តល់នូវការលើកទឹកចិត្តក្នុងគោលបំណងជំរុញការវិនិយោគឯកជន និងលំហូរទុនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងយន្តការភាពជាដៃគូសារដ្ឋ និងឯកជន។

ទី៤៖ ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅឆ្ពោះទៅរកនិរន្តរភាពនៃសន្ទុះក្នុងកំណែទម្រង់ សម្រាប់របៀបវារៈឆ្នាំ ២០៣០។

ទី៥៖ បន្តពង្រឹងភាពជាម្ចាស់នៃប្រទេសកំពុងអភិវឌ្ឍន៍ដោយការកសាងភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលរួមទាំង ទ្វេភាគី ពហុភាគី វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះ យើងត្រូវតែធានាឱ្យមានតម្លាភាព និងគណនេយ្យភាពរវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាសភាពចូលរួមដែលមកពីប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្ចិក និងដល់ UN ESCAP ដែលបានរៀបចំសិក្ខាសាលានេះ និងតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងកៀគរធនធាន និងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍប្រកបដោចីរភាព។

សូមគូសបញ្ជាក់ផងដែរថា លទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់នេះ នឹងរួមចំណែកដល់ការបំពេញគម្លាតចំណេះដឹង និងជាធាតុចូលសម្រាប់តំបន់ ព្រមទាំងជាការចែករំលែកព័ត៌មានអំពីទម្រង់នៃការអភិវឌ្ឍន៍សាកល ដែលមានដូចជា ការអភិវឌ្ឍនៅក្នុងសម័យកាលកូវី-១៩ និងគំនិតផ្តួចផ្តើមនាពេលអនាគត។ សិក្ខាសាលានេះ ក៏នឹងបង្កើតជាប្រភពចំណេះដឹងនិងធាតុចូលរបស់ ESCAP និងបង្កើតជា បណ្តាញអ្នកជំនាញដើម្បីតាមដានលើការងារអភិវឌ្ឍន៍នាពេលអនាគត។

ព័ត៌មានជាតិ

អត្ថបទទាក់ទង