ព័ត៌មានជាតិ

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១


តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១ ។​
ក្នុងឱកាសបំពេញទស្សនកិច្ចខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងលើវឌ្ឍនភាពជាលំដាប់ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានអះអាងជាថ្មីក្នុងការលើកកំពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។ ភាគីទាំងពីរក៏បានសម្តែងការអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ។ ឯកឧត្ដម ប្រាក់​​​ សុខុន ក៏បានសម្តែងការអរគុណចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត ។
ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានកោតសរសើរនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បើទោះបីជាមានការរំខានបង្ករឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។ ឯកឧត្តម បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ ។
ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នា​ ពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់មិត្តចិន ដែលបានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន ៦៧ នៅកម្ពុជា ដែលមានតម្លៃសរុប ២៦ លានដុល្លារ អាមេរិក ។
ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសំខាន់ៗ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន- ចិន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរពេញចិត្តចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ដែលបានប្រកាសជាផ្លូវការអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន។
ខណៈដែលកម្ពុជា​នឹង​ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ នាពេលឆាប់ៗ​នេះ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនសមភាគីចិនអំពីមូលបទរបស់កម្ពុជាសម្រាប់ ឆ្នាំ២០២២ គឺ​ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជាអាទិភាពសំខាន់ៗ រួមមាន​ភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ ដោយជោគជ័យ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរមិត្តចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៅឆ្នាំ ២០២២ ហើយសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិ នានា ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការវិវត្តសភាពការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ា។
មុនបញ្ចប់កិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងកម្ពុជា​ និងចិន ​ផងដែរ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង