ព័ត៌មានជាតិ

កិច្ចព្រមព្រៀងរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និង សារព័ត៌មាន Khmer Times ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខាជាមួយគ្នា


 នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួង ព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។
កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ត្រូវបាន ចុះហត្ថលេខា ដោយ លោកជំទាវ សុខមុំ និមល អគ្គនាយិកា ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP និងលោក MOHAN BANDAM ចាហ្វាងសារព័ត៌មាន Khmer Times ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៏ថា ការចុះហត្ថលេខារវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងសារព័ត៌មាន Khmer Times នឹងបង្កើត ឱ្យមានកិច្ចសហការលើវិស័យសារព័ត៌មានរវាងអង្គភាពទាំងពីរ ជាពិសេសការ ផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក ហើយក៏នឹងចូលរួមអភិវឌ្ឍន៍វិស័យ សារ ព័ត៌មានឱ្យកាន់តែល្អប្រសើរប្រកបដោយ ភាពច្បាស់លាស់ រហ័ស និងទុកចិត្ត ។
លោក MOHAN BANDAM ចាហ្វាងសារព័ត៌មាន Khmer Times ថ្លែង អំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ដែលបានអនុញ្ញាត និងចូលរួមពិធីចុះហត្ថលេខា រវាងស្ថាប័នសារ ព័ត៌មាន ទាំង២ ដើម្បីសហការលើវិស័យសារព័ត៌មាន និងការផ្លាស់ប្តូរព័ត៌មាន រវាងគ្នា។ លោកចាហ្វាង បានបញ្ជាក់បន្ថែមទៀតថា Khmer Times គឺជាកាសែត ភាសាអង់គ្លេស ដែលត្រូវបានចេញផ្សាយដំបូងនៅក្នុង ខែឧសភា ឆ្នាំ ២០១៤ ដែល មានមូលដ្ឋាននៅទី ក្រុងភ្នំពេញ ប្រទេសកម្ពុជា និងគ្រប់គ្រងដោយ ជន ជាតិម៉ាឡេស៊ី ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ AKP នាពេលនេះ គឺបាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយ ទំនុកចិត្តសម្រាប់ប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ Khmer Times នឹងបន្តពង្រឹង និងសហការឱ្យកាន់តែល្អបន្ថែមទៀត ជាមួយទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង