ព័ត៌មានជាតិ

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»


មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ នេះនៅខេត្តព្រះសីហនុ។ មុននឹងពិធីបើកជាផ្លូវការនៃមហាសន្និបាតនេះ មានកិច្ចប្រជុំបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសសមាជិកនៃអង្គការភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។

ឯកឧត្តម វ៉ាន់ មុនីនាថ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាលើកទី១ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះនៃការ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ចាប់តាំងពីការចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤។ មហាសន្និបាតដែលមានរយៈពេល ២ ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។

ឯកឧត្តម បានថ្លែងថា មុននឹងបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ជាផ្លូវការនៅរសៀលម៉ោង ១ មានការបើកកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA ដែលក្នុងនោះ រដ្ឋបាលខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប។ នៅថ្ងៃនេះវេលាម៉ោង ១ រសៀលនឹងមានពិធីបើកមហាសន្និបាតជាផ្លូវការដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧។

យោងតាមកម្មវិធី មហាសន្និបាតនេះនឹងមានសន្និសីទអន្តរជាតិ និងវេទិកាថ្នាក់រដ្ឋមន្ត្រី និងការធ្វើសន្និសីទសារព័ត៌មាន។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តម បានថ្លែងថា គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១) ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២) បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និង ទី៣) កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។

ឯកឧត្តមបានមានប្រសាសន៍ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ នេះរួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង