ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រ ទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា ។ ជាក់ស្តែង, ថ្មីៗនេះ រដ្ឋាភិបាល ជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខា- ភិបាល និងទឹកស្អាត ជាដើម ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ “ផែនការផ្តល់ឥណទាន សម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩”។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយជំងឺកូវីដ-១៩ ថមថយ ជាពិសេស ការស្តារ និងការជំរុញការវិនិយោគនៅកម្ពុជា ។ល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមលើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងអំពីតួ-នាទីជប៉ុន ដែលជា “ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត” ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏សូមជូនពរឯកឧត្តម Masahiro MIKAMI និង លោកស្រី KAMEI Haruko ឲ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញ ភារកិច្ចនៅកម្ពុជា ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង