ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការគាំទ្រចំពោះកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងកំពុងជំរុញដាក់ឲ្យអនុវត្ត នាពេលឆាប់ៗខាងមុខនេះនូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដែលឈរលើសសរស្តម្ភបី (ហៅថា 3Rs) គឺ៖ សសរស្តម្ភទី ១ “ការស្តារ (Recovery)”, សម្រាប់ស្តារឡើងវិញនូវវិស័យដែលទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ ១៩; សសរស្តម្ភទី ២ “ការកែទម្រង់ (Reforms)”, កែទម្រង់គ្រប់ផ្នែក គ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគ និងសសរស្តម្ភទី ៣ “ការកសាងភាពធន់ (Resiliency)” ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ជាដើម ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា “ឆ្អឹងខ្នង” ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន ។ សម្រាប់ជំហានបន្ទាប់, សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយលោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបបន្ថែមថា ក្របខណ្ឌលទ្ធផលនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហ-ភាពអឺរ៉ុប នឹងផ្តោតលើសមាសធាតុគន្លឹះនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ ការពង្រឹងការកៀរគរចំណូលក្នុងស្រុក, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ, ការគ្រប់គ្រងវិនិយោគសាធារណៈផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាពលទ្ធកម្ម សាធារណៈ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពិសេស គាំទ្រ ទាំងជាជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាពដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្ម-វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងយុទ្ធសាស្រ្តស្នូលនៃកម្មវិធីកែទម្រង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ។ ជាមួយគ្នានេះ, ដើម្បីឱ្យការរៀបចំក្របខណ្ឌលទ្ធផលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ បានឆាប់រហ័ស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការរួមគ្នាឲ្យបានឆាប់ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង