ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំ សប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន


ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ចុង ខែវិច្ឆិកា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន សំដែង នូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារ គ្រប់ផ្នែកគ្រប់ជំនាញ នៃក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំ និង ផ្សព្វផ្សាយបានយ៉ាងល្អ ទាំង សំលេង និងរូបភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ កាលពីពេលកន្លងមកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានភាពជោគជ័យ ជាប្រវត្តិសាស្រ្ត ។
ជាមួយនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានវាយតំលៃខ្ពស់ ចំពោះក្រុមការងាររៀបចំបោះពុម្ពសៀវភៅ ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ព័ត៌មាន ក្នុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយសៀវភៅនេះ បាន បង្ហាញពីការប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ក៏ដូចជាបណ្តាអ្នកសារព័ត៌មាន ដែលបានរួម គ្នាផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ ពីបញ្ហាជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋ បានដឹង នឹងរួមគ្នា បង្ការទប់ស្កាត់ ការពារ តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ សៀវភៅ របស់ក្រសួងព័ត៌មានស្តីពីការប្រយុទ្ធ នឹងជំងឺកូវីដកូវីដ-១៩ ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកថា រាប់ជាប្រវត្តិសាស្រ្ត ហើយក៏សម្រាប់ ជាមោទនភាព សម្រាប់យើងទាំងអស់គ្នា ក្នុងជំនាន់នេះ ដែលបានប្រឹងប្រែង ចូលរួមជួយប្រទេសជាតិ តាមសមត្ថភាព និងសមត្ថកិច្ចរៀងៗខ្លួន ។
សម្រាប់សៀវភៅដែលទើបបោះពុម្ព ហើយរួចរាល់នាពេលនេះ ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ ចែកជូនដល់ បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយក្រសួងព័ត៌មាន និងវិទ្យុជាតិ FM96 ផេក ក្រសួងព័ត៌មាន រួមជាមួយបណ្តា មន្ទីរព័ត៌មាន រាជធានី ខេត្តទាំង ២៥ ដោយក្នុង១ អង្គភាព ទទួលបានសៀវភៅ ២០ ក្បាល ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយ:ប្រពន្ធ័ Zoom និងប្រជុំដោយ ផ្ទាល់មួយចំនួន គឺថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋានទាំង ៥ រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលទទួលបន្ទុក ការងារតាមជំនាញនីមួយៗ បានលើកឡើងពីវឌ្ឍន៍ភាពការងារសំខាន់ៗដែល សម្រេចអនុវត្តន៍បាន ក្នុងរយះពេលកន្លងមក និងបង្ហាញពីទិសដៅផែនការ សកម្មភាពការងារដែលត្រូវបន្តបំពេញក្នុងសប្តាហ៍ បន្តបន្ទាប់ខាងមុខទៀង អោយទទួលបានលទ្ធផលល្អបន្តទៀត ដើម្បីបំរើអោយការផ្សព្វផ្សាយបានកាន់ តែទូលំទូលាយបន្ថែមទៀត។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន ជម្រុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ធ្វើយ៉ាងផ្សាយអោយបានទូលំទូលាយ ទាំងភាសា បារាំង វៀតណាម ចិន និងអង់គ្លេស នូវប្រសាសន៍របស់សម្តេចតេ ជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសន្និសីទកំពូលអាស៊ី- អឺរ៉ុប លើកទី១៣ ថ្ងៃទី ២៦ វិច្ឆិកា ២០២១ ដោយបានគួសបញ្ជាក់ថា ចេញពីបរិយាកាសដ៏ល្អ នៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុប ទី ១៣ នេះ ខ្ញុំសង្ឃឹមយ៉ាងមុត មាំថា នៅ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ ប្រទេសចិន និង ប្រទេស ជាសមាជិកអាស៊ាន ដែលពាក់ព័ន្ធ នឹង អាចឈានទៅចុះហត្ថលេខា លើ CoC ( Code of Conduct ) ស្តីពីសមុទ្ទចិនភាគខាងត្បូងបាន ដែលឆ្នាំ២០២២ នេះគឺជា ខួបទី២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញ ស្តីពីការតាក់តែង CoC ទាក់ទិនទៅ នឹងប្រទេសទាំងអស់ ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាង ត្បូងនេះ ។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញដល់ទូរទស្សន៏ជាតិកម្ពុជា ធ្វើយ៉ាងណា ពង្រឹងកម្មវិធីផ្សាយកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ ដើម្បីអោយប្រព្រឹត្តទៅ ដោយសុក្រឹត្យភាព ដែលជាកម្មវិធីជ្រើសរើសយកកីឡាករឆ្នើមៗ ធ្វើការប្រកួត ក្នុង១ខែ ២ ដង ។ ក្រៅពីនេះ ក៏ត្រូវបន្តនាំយកនូវការផ្សាយពីកីឡាបាល់ទាល់ ក៏ដូចជាកីឡាផ្សេងៗទៀត រួមជាការផលិតកម្មវិធី ចាប៉ីដងវែង ផងដែរ។ សម្រាប់ ការងារបច្ចេកទេស គ្រប់ផ្នែកពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ត្រូវសហការអោយ បានជិតស្និត ជាមួយ គណ:កម្មការរៀបចំ ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោ ដើម្បីផ្សព្វផ្សាយពិធីសម្ពោធអោយបានល្អ និងទទួលបានជោគជ័យ។
ទាក់ទងទៅនឹងការលើកឡើងនៅមតិរបស់ អង្គការសង្គមស៊ីវិលមួយ ចំនួនអំពីបញ្ហានិទណ្ឌភាពឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ថា «យើងអាច និយាយនិទណ្ឌភាពបាន លុះត្រាតែជនដែលប្រព្រឹត្តបទល្មើសនោះ ត្រូវបានគេ រកឃើញហើយស្គាល់ ហើយមិនត្រូវបាននាំយកមកដាក់ទោស នោះទើបអាច ចាត់ទុកថាជាបញ្ហានិទណ្ឌភាព»។ នៅពេលដែលសមត្ថកិច្ច មិនទាន់បិទសំណុំ រឿងទៅលើករណីណាមួយនោះ គឺយើងពុំអាចចាត់ទុកថានោះ គឺជាបញ្ហានិទណ្ឌភាពបានទេ ការមិនទាន់បិទសំណុំរឿងរបស់អាជ្ញាធរមានសមត្ថកិច្ចនេះ គឺជាការ ផ្ដល់នូវពេលវេលា ក៏ដូចជាឱកាសទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីផ្ដល់នូវអ្វី ដែលជាភស្តុតាងអ្វី ដែលជាការបញ្ជាក់បន្ថែមថ្មី ពាក់ព័ន្ធទៅនឹងករណីនេះដើម្បីធ្វើយ៉ាងណាឱ្យសមត្ថកិច្ចមានព័ត៌មានមាន នឹងមានតម្រុយកាន់តែប្រសើរឡើង ដើម្បីចាត់វិធានការទៅតាមច្បាប់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការសាជាថ្មីអំពីដល់ អ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មាននៅតំបន់ដែលប្រឈម ត្រូវចេះការពារខ្លួន ហើយពេលខ្លះក៏ត្រូវសហការជាមួយមន្ដ្រីពាក់ព័ន្ធ នឹងត្រូវចេះស្វែងយល់ អំពីថាតើចុះទៅ យកព័ត៌មានត្រូវធ្វើយ៉ាងម៉េច ឱ្យមានសុវត្ថិភាពផងដែរ៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង