ព័ត៌មានកីឡា

AFF U23 Championship 2022 នឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍


កម្ពុជា បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯក យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋាន ព្រីនស៍ របស់ក្លិបបាល់ទាត់ វិសាខា ។ នេះបើយោងតាម ការប្រកាសផ្លូវការ របស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

នេះគឺជា ដំណឹងដ៏រភើប សម្រាប់បងប្អូន អ្នកគាំទ្រកម្ពុជា ដែលទន្ទឹងរង់ចាំមើល ការប្រកួតអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្រ ដ៏មហាសាល ទើបសាងសង់រួចរាល់កាលពីថ្មីៗ និងជាកន្លែងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា បានខកខានក្នុងការដេញថ្លៃ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានបង្ហាញ សេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយឯកឧត្តម បានអរគុណសហព័ន្ធកីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បីរៀបចំ ព្រឹត្តិការណ៍នេះ ។ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម បានប្ដេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អបំផុតនៅអាស៊ាន នាឆ្នាំក្រោយ។

សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគប្រកួត សហព័ន្ធនឹងបញ្ជាក់នាពេលក្រោយ ។ ប៉ុន្ដែ សមាជិករបស់ AFF ដែលមានសិទ្ធចូលរួមការប្រកួតថ្នាក់តំបន់នាពេលកន្លងមក គឺមានចំនួន ១២ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលីផងដែរ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី