ព័ត៌មានកីឡា

ក្រុមវិសាខា ឈ្នះជើងឯក Special Volleyball Challenge ខណៈគណៈកម្មការគ្រោងរៀបចំបន្តបន្ទាប់


ក្រុមវិសាខា ឈ្នះជើងឯក Special Volleyball Challenge ខណៈគណៈកម្មការគ្រោងរៀបចំបន្តបន្ទាប់

សមាគមក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 ក្រោយយកឈ្នះលើក្រុម PS Concrete ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីទី១៧ ខែតុលា ឆ្នាំ២០២១។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិគណៈកម្មការប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 បានថ្លែងក្នុងពិធីបិទ ថាក្រោយបញ្ចប់ការប្រកួតដោយជោគជ័យគណៈកម្មការគ្រោងរៀបចំការប្រកួតនៅពេលក្រោយជាបន្តបន្ទាប់ទៀត។

«ការប្រកួត ថានេះជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះក្នុងសាល ទម្រង់បួនទល់នឹងបួន (4x4) ដែលបានទទួលគោលការណ៍ឯកភាពពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំជាផ្លូវការលើកដំបូង ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណង ដកស្រង់បទពិសោធន៍បច្ចេកទេសថ្មី ផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព ដែលបានហ្វឹកហាត់កន្លងមក ដើម្បីស្វែងរកកីឡាករ មានទេពកោសល្យ ដោយសុក្រឹតភាព និងយុត្តិធម៌ ព្រមទាំងចូលរួមក្នុងការបំផុសឱ្យមានការចូលរួមពីមហាជន ដែលតែងតែចាប់អារម្មណ៍ និងគាំទ្រលើវិស័យកីឡាបាល់ទះកន្លងមក»។ តំណាងគណៈកម្មការបន្ថែម។

លោកបន្តថា៖«ថ្វីត្បិតតែព្រឹត្តិការណ៍ Special Volleyball Challenge 2021 ទើបតែរៀបចំជាលើកទី១ ប៉ុន្តែ ព្រឹត្តិការណ៍មួយនេះទទួលបានការចាប់អារម្មណ៍ និងមានដៃគូរសហការឧបត្ថម្ភគាំទ្រជាច្រើន។ ជាក់ស្តែង គណៈកម្មការបានធ្វើការរៀបចំផ្សព្វផ្សាយតាមរយៈផេកផ្លូវការ Special Volleyball Challenge, ដៃគូសហការផ្សព្វផ្សាយសារព័ត៌មានត្រយង និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ កាយវិការដ៏ប្រពៃនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ តាមរយៈការចូលរួមសហការគាំទ្រ លើវិស័យកីឡាឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត»។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណក្រុមទាំង១១ដែលបានចូលរួមប្រកួតប្រជែង ព្រមទាំងគោរពតាមវិធានសុខាភិបាលបានល្អ បើទោះជាការប្រកួតស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ យ៉ាងណាក្ដី។ លោកថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធី និងអ្នកគាំទ្រ ដែលបានគាំទ្រការប្រកួតតាំងដើមរហូតដល់បញ្ចប់ព្រឹត្តិការណ៍ Special Volleyball Challenge 2021។

សូមបញ្ចាក់ថា ម្ចាស់ជ័យលាភី Special Volleyball Challenge 2021 នេះមាន៖
-ជ័យលាភីលេខ១ បានទៅលើសមាគមកីឡាបាល់ទះវិសាខា
-ជ័យលាភី២ បានទៅលើក្រុមកីឡាបាល់ទះ PS CONCRETE
-ជ័យលាភី៣ បានទៅលើក្លិបបាល់ទះក្រសួងមហាផ្ទៃ
ចំណែកពានរង្វាន់ឯកត្តជនមាន៖
- កីឡាករវាយប្រយុទ្ធល្អជាងគេ គឺកីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា
- កីឡាករវ៊រនាំងល្អជាងគេ គឺ កីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា
- កីឡាករលើកល្អជាងគេ គឺ កីឡាករ សួន ចាន់ណារ៉ូ មកពីសមាគមកីឡាបាល់ទះវិសាខា
- កីឡាករវាយសេវាល្អជាងគេ គឺ កីឡាករ សឿន ហេង មកពីសមាគមកីឡាបាល់ទះវិសាខា
- កីឡាករវាយសេវាល្អជាងគេ គឺ កីឡាករ ធី ម៉េងហួង មកពីក្លិបបាល់ទះក្រសួងមហាផ្ទៃ
- កីឡាករឆ្នើម គឺ កីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី