ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី "ការបើកដំណើរការសាលារៀនមួយ ចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយដែលកើតឡើងដោយសារការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល"


ក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ចុះបំពេញបេសកកម្មទៅកាន់ខេត្តកំពង់ស្ពឺក្នុងគោលបំណង ពិនិត្យ ស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ មានប្រសាសន៍ថាការបើកដំណើរការដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារ៖
➢ ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនរាប់ចាប់ពីកុមារអាយុ ៦ឆ្នាំឡើងទៅចំនួនសរុប ១២,៩៥០,១៤៩ (ស្មើនឹង ៨០,៩៤% នៃប្រជាជនសរុប ១៦លាននាក់) បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់១ដូស។
➢ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ៧ខែមកនេះ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) និងការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ក្នុងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលបានផ្តល់ផ្លែផ្កាគួរជាទីកត់សម្គាល់រហូតការឈានទៅដល់ការបើកសាលារៀនមួយចំនួនឡើងវិញ ហើយ សង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ជំនួសមុខឱ្យថ្នាក់ដឹកនាំនៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាល ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត សុខសុវត្ថិភាពប្រជាជន ជាពិសេសបន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ដោយសារស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ជាមួយនឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពិនិត្យពិចារណាបើកដំណើរការឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្រ្តដែលមានហានិភ័យទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្តឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង