ព័ត៌មានកីឡា

ប្រដាល់សកលនឹងបន្តរៀបចំ ៦ប្រកួត សម្រាប់សប្តាហ៍ទី២


ការប្រកួតកីឡាប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» នឹងត្រូវរៀបចំ​ការប្រកួតតសប្តាហ៍ទី២ កាន់តែជក់ចិត្ត នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយទស្សនិកជនអាចទស្សនា តាមរយៈការ​ផ្សាយ​ផ្ទាល់លើផេកសហព័ន្ធកីឡាប្រដាល់សកល និងផេកដៃគូមួយចំនួនទៀត។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡា​ប្រដាល់​សកល កាលពីសប្តាហ៍ទី១ថ្មីៗនេះ ពេលនេះសហព័ន្ធរៀបចំការប្រកួតសប្តាហ៍ទី២ ដោយរៀបចំចំនួន៦ប្រកួត លើ៦ប្រភេទទម្ងន់ ចាប់​ពី៥២គីឡូក្រាម ដល់៦០ គីឡូក្រាម។ ក្នុងនោះមានគូពិសេស១ប្រកួត លើប្រភេទទម្ងន់ ៤៩គីឡូក្រាម និងគូឯក លើប្រភេទ​ទម្ងន់​៦០គីឡូក្រាម ដែលជាការប៉ះគ្នារវាងកីឡាករជម្រើសជាតិ ទូច ដេវីដ និងកីឡាករ ខុន ឌីណា មកពីក្លឹបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ដែលជាគូជក់ចិត្តចុងក្រោយប្រចាំសប្តាហ៍ទី២។

លោកអគ្គលេខាធិការបន្ថែមថា សម្រាប់សប្តាហ៍ទី២នេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំផ្គូរផ្គងឆ្លងកាត់ការវិនិច្ឆ័យ​កាន់តែ​ល្អិតល្អន់ ដើម្បីជំរុញឱ្យការប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កាន់តែល្អមើលជក់ចិត្ត និងស្វែងរកការគាំទ្របន្ថែមពីមហាជន។ ជាមួយគ្នានោះ ការរៀបចំឱ្យកាន់តែមានល្អប្រសើរនេះ គឺដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ក្នុងគោលដៅសម្រួចបច្ចេកទេស និងការរៀបចំឱ្យកាន់តែសុក្រិត សម្រាប់ដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេស​វៀតណាម ជាពិសេសគឺគោលដៅដ៏ច្បាស់លាស់នៃការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រត្តិសាស្ត្រជាលើក​ដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ បានអះអាងថា ដោយសារការប្រកួតសប្តាហ៍ដំបូងនេះ មានការប្រកួតមួយចំនួនមានកម្រិតបច្ចេកទេស​ខុសឆ្ងាយ​បន្តិច ហើយនៅពេលខាងមុខ សហព័ន្ធនឹងព្យាយាមរៀបចំផ្គូរផ្គងចាប់គូឱ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីឱ្យការប្រកួតកាន់​តែល្អ​មើល ហើយកាត់បន្ថយកុំឱ្យមានសន្លប់ច្រើនពេក នោះគឺដោយសារកម្រិតបច្ចេកទេស មានភាពខុសគ្នាឆ្ងាយពេក។ លោកបាន​បន្ថែមថា គោលបំណងចម្បងនៃ ព្រឹត្តិការណ៍ប្រដាល់សកលថ្មី ULTIMATE BOXING CHAMPIONSHIP 2021នេះ គឺជាឱកាសសំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនីតាមបណ្តាក្លិប ក៏ដូចជាកីឡាករជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ពួកគាត់ ឈានឆ្ពោះទៅស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើកចំពោះមុខនេះ។ តាមរយៈព្រឹត្តិការណ៍នេះ សហព័ន្ធជឿជាក់ថា វាជាដំណើរការអភិវឌ្ឍន៍សិទ្ធផលរបស់កីឡាករ កីឡាការិនីកាន់តែល្អរីកចម្រើន​បន្ថែមទៀត។

សូមបញ្ជាក់ថា ជំហានដំបូង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមរៀបចំចំនួន ៦សប្តាហ៍ ដោយ២សប្តាហ៍ដំបូងនេះត្រូវធ្វើជាប់ៗគ្នា រីឯ៤សប្តាហ៍ទៀត នឹងត្រូវរំលងមួយសប្តាហ៍ ពោលគឺ ២សប្តាហ៍ម្តង ក្រោមការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី