នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពី «ការដាក់ដំណើរការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning» ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ។ កម្មវិធីនេះ រៀបរាប់ពីវឌ្ឍនភាពចុងក្រោយបំផុតនៃកម្មវិធីស្វ័យសិក្សានេះ ដែលនឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” នៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់។
សន្និសីទនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីស្វ័យសិក្សានេះ ក៏ជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀត បន្ថែមលើកម្មវិធីសិក្សា និងសកម្មភាពរៀន និងបង្រៀនក្នុងថ្នាក់ សម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយបង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម រំលឹកមេរៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់ នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះទូទៅ។
រយៈពេល៥ខែកន្លងមកនេះ ក្រុមការងារបានដាក់ដំណើរការកម្មវិធីស្វ័យសិក្សានេះឲ្យប្រើប្រាស់ផង កែសម្រួលផង ហើយចាប់ពីពេលនេះតទៅ កម្មវិធីនេះគឺជារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាហើយ។ សូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ប្រើប្រាស់App នេះឲ្យអស់ពីលទ្ធភាព និងឲ្យមានប្រសិទ្ធភាព ហើយសូមចូលរួមផ្តល់យោបល់ទាំងអស់គ្នា ដើម្បីស្ថាបនាកម្មវិធីនេះឲ្យបានកាន់តែប្រសើរ សម្រាប់អនាគតកុមារ និងយុវជនរបស់កម្ពុជា ក៏ដូចជាអនាគតកម្ពុជា។ សូមជម្រាបផងដែរថា កម្មវិធីទូរសព្ទសម្រាប់ការស្វ័យសិក្សានេះ ត្រូវបានចូលរួមអភិវឌ្ឍដោយ E-School Cambodia និងទទួលបានការគាំទ្រជាស្មារតីដោយ គណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។