ព័ត៌មានកីឡា

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា រៀបចំ​​វគ្គ​បណ្តុះបណ្តាល​ និង​ចៅក្រម​កីឡា​បាល់ទះ​ ក្នុង​សាល​កម្រិត​មូលដ្ឋាន (គ.C) ជំនាន់​ទី៤


សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា រៀបចំ​​វគ្គ​បណ្តុះបណ្តាល​ និង​ចៅក្រម​កីឡា​បាល់ទះ​ ក្នុង​សាល​កម្រិត​មូលដ្ឋាន (គ.C) ចាប់​ពី​ថ្ងៃ​ទី​​២១ ដល់​​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​​តាម​ប្រព័ន្ធ Zoom ដែល​នេះ​ស្រប​តាម​ផែនការ​របស់​ខ្លួន។

ឯឧត្តម ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាង​ឯកឧត្តមនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វគ្គ​បណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះ ក្នុងសាល កម្រិតមូលដ្ឋាន ( គ ឬ C ) នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។

បើ​តាម​របាយការណ៍​របស់​លោក បឹង គឹមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​​មាន​ប្រសាសន៍​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ​​២៥​រាជធានី​ខេត្ត ស្នង​ការ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​គរុកោសល្យ​ខេត្ត​បាត់ដំបង ​ចូលរួម​​១៤៣​រូប។

វគ្គ​បណ្ដុះបណ្ដាល​នេះ​​បង្កើន​បរិមាណ​អាជ្ញាកណ្ដាល​និង​ចៅក្រម ឆ្ពោះ​ទៅ​រក​គុណភាព​តាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​សម្រាប់​ធ្វើការ​ជ្រើសរើស​ចូលរួម​ដឹកនាំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក៏​ដូចជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា។

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ ថ្មីៗ​នេះ​សហព័ន្ធ​ក៏​បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កីឡា​បាល់ទះ​កម្រិត​មូលដ្ឋាន នេះ​​តាម​ប្រព័ន្ធ Zoom ដោយ​ជោគជ័យ​បាន​១លើក​មក​ហើយ មាន​សិក្ខាកាម​ចូលរួម​ជិត​៥០នាក់៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី