ព័ត៌មានកីឡា

ព្រឹត្តិការណ៍ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021ចាប់ផ្តើមប្រកួតសប្តាហ៍ទី១ ដើម្បីគោលដៅស៊ីហ្គេម ២លើកចំពោះមុខ


ព្រឹត្តិការណ៍កីឡា ប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» បានចាប់ផ្តើម ប្រកួតសប្តាហ៍ទី១ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលនេះជា ការបោះជំហានប្រកប ដោយក្តីសង្ឃឹម ដើម្បីគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បញ្ជាក់ថា បន្ទាប់ពី ការបញ្ចប់ការប្រកួតកីឡា ប្រដាល់សកលអាជីព បានដំណើរការ បានដោយរលូន ហើយទោះបីជា មានបញ្ហា រអាក់រអួល បន្តិចបន្តួច លើការរៀបចំ ផ្នែកបច្ចេកទេស ក៏ដោយ កីឡាករ កីឡាការិនី បានប្រឹងប្រែង ប្រកួត អស់ពីសមត្ថភាពរបស់ខ្លួន។ «យើងជឿជាក់ថា ការប្រកួត លើកក្រោយយើង នឹងព្យាយាម កែលម្អនូវចំណុច ខ្វះខាត មួយចំនួន ដែលយើងទទួលស្គាល់ នៅពេលនេះ ហើយយើងនឹតបន្តរៀបចំ កាន់តែល្អ ដើម្បីទាក់ទាញ មហាជនឲ្យចូលរួម គាំទ្រ ឲ្យបានកាន់តែច្រើន ក្នុងគោលដៅ ត្រៀមឆ្ពោះទៅប្រកួត ប្រជែង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេស គឺត្រៀមឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង»។

សម្រាប់ការប្រកួតនេះ គឺជាឱកាស សំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនី តាមបណ្តាក្លិប ក៏ដូចជា កីឡាករ ជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិត គុណភាពបច្ចេកទេស របស់ពួកគាត់ជាជំហានៗ ឈានឆ្ពោះស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួត ប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើក ចំពោះមុខនេះ។

ដើម្បីចូលរួម អនុវត្តវិធានការ សុខាភិបាល ក្នុងព្រឹត្តិការណ៍ ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021នេះ សហព័ន្ធ តម្រូវឲ្យធ្វើតេស្ត ទៅលើកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ក៏ដូច ជាអ្នកឲ្យទឹកទាំងអស់ ត្រូវធ្វើតេស្តស្វែងរក មេរោគកូវីដ-១៩។

ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំ សហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានអំពាវនាវ ដល់មហាជន ក៏ដូចជាអ្នកគាំទ្រ វិស័យកីឡាប្រដាល់សកល ទាំងអស់ចូលរួម ទស្សនា ក៏ដូចជាចូលរួម ឧបត្ថម្ភគាំទ្រ ដើម្បីឲ្យដំណើរ ការនៃការរៀបចំនេះ អាចបន្តរៀបចំ អភិវឌ្ឍន៍វិស័យកីឡា ប្រដាល់សកល ឲ្យកាន់តែរីកចម្រើបន្ថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍ទី១នេះមាន៦ប្រកួត ក្នុងនោះមានគូពិសេស៣គូ និងគូឯក ២គូ ដោយកីឡាករទទួលបានការឧបត្ថម្ភលើកទឹកចិត្ត នូវប្រាក់រង្វាន់ផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី