ព័ត៌មានកីឡា

ពានរង្វាន់បាល់ទះ Special Volleyball Challenge ត្រៀមដំណើរការប្រកួតហើយ


ពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 បានរៀបចំ សន្និសិទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅទីលានបាល់ទះ កីឡដ្ឋានព្រីនស៍ ដើម្បីបញ្ជាក់ពីគោលបំណង នៃការរៀបចំ ក៏ដូចជាការដំណើរការ នៃការប្រកួត។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធាន គណៈកម្មការរៀបចំ ការប្រកួតបានលើកឡើងថា យើងទទួលបានការអនុញ្ញាត ពីសហព័ន្ធកីឡា បាល់ទះកម្ពុជា ឱ្យរៀបចំ ការប្រកួតនេះឡើង ក្នុងគោលបំណង ដកស្រង់បច្ចេកទេសថ្មីៗ និងផ្ដល់ឱកាសឱ្យ កីឡាករ បានហ្វឹកហាត់ កន្លងមកបានបង្ហាញ សមត្ថភាពរៀងៗខ្លួន។ មួយវិញទៀត ចង់បំផុត ការគាំទ្រពីមហាជន ព្រោះការប្រកួតក្រៅប្រព័ន្ធកន្លង មកមិនទាន់មានការរៀបចំ ស្តង់ដារត្រឹមត្រូវ។ ដូច្នេះហើយទើបយើងកំណត់ជាគោលការណ៍ និងស្តង់ដារ មួយឱ្យសមស្របតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវវិញ។ ជាមួយគ្នានេះ ការរៀបចំ ការប្រកួតនេះគឺដើម្បី រិតចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមនានា។

ដោយឡែក ឯកឧត្តម រ៉ា នូវិបុត្រ នាយកក្រុមហ៊ុន Forward ដែលអ្នកឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ បានលើកឡើងថា គណៈកម្មការរៀបចំ ការប្រកួត ដែលបានផ្ដល់ឱកាសឱ្យ ក្រុមហ៊ុន បានចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា។ ក្រុមហ៊ុន ផលិតសម្លៀកបំពាក់កីឡា ក្នុងស្រុក នឹងធ្វើការសហការជាមួយ ក្រុមកីឡាជាតិទាំងអស់ និងព្រឹត្តិការណ៍កីឡា ក្នុងការឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខទាំងអស់គ្នា។

ចំណែក ការប្រកួត ពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 គ្រោងដំណើរការ ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅទីលានកីឡដ្ឋាន ព្រីនស៍។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបានពាន ចំនួនមួយ និងថវិកាចំនួន ១០លានរៀល ក្រុមជើងឯករង ទទួលបានថវិកា៨លានរៀល និងក្រុម ចំណាត់ថ្នាក់លេខ៣ ទទួលបាន៦លានរៀល។ ជាមួយគ្នានេះ ពានរង្វាន់ឯកត្តជន ផងដែរ ដូចជាកីឡាករ វាយប្រយុទ្ធល្អជាងគេ, កីឡាករ ធ្វើរនាំងល្អជាងគេ, កីឡាករ វាយសេវាល្អជាងគេ និងកីឡាករ លើកបាល់ល្អជាងគេ ទទួលរង្វាន់ជាថវិកាម្នាក់ ចំនួន ៤សែនរៀល៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី