ព័ត៌មានជាតិ

ស្ពានដែកបេឡេត៍ក្រាឈើប្រវែង ២៤ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់


ព្រះវិហារ÷ ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយមូលដ្ឋាន ខេត្តព្រះវិហារ រួមនិងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបាឡេត៍ចំនួន ១កន្លែង ក្នុងស្រុកសង្គមថ្មី ដើម្បីជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឲ្យបានយ៉ាងស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពានដែកបេឡេត៍ក្រាលឈើឆ្លងកាត់អូរតាណុប ស្ថិតនៅភូមិក្បាលខ្លានេះ មានប្រវែង២៤ម៉ែត្រ មានទទឹង ៤.២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីរបានបន្តថា ការកសាងស្ពានទាំងពីរកន្លែងនេះ គឺមិនបានប្រើប្រាស់ថវិកា ជាតិនោះទេ គឺបានចូលរួមឧបត្ថម្ភពីឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវដែកស្ពាន ចាស់ៗ ចំណែកឈើក្រាលស្ពាន និងសរសរស្ពាន ចូលរួមឧបត្ថម្ភពីឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការអរគុណដល់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានផ្តល់ដែកស្ពានចាស់ៗដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះវិហារ សម្រាប់យកមកសាងសង់ស្ពានចំនួន ២កន្លែងខាងលើនេះដើម្បីសម្រួលដល់ការ ធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ស្ពានដែកបេឡេត៍ក្រាលឈើ ដែលសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការជូនប្រជាពលរដ្ឋឆ្លងកាត់នៅពេលនេះ គឺជាស្ពានទីពីរហើយនៅក្នុង ស្រុកសង្គមថ្មី ដែលស្ពានទី១ ឆ្លងកាត់ស្ទឹងស្តៅ មានប្រវែង ៤៣ម៉ែត្រ និងស្ពានទី២នេះ ឆ្លងកាត់អូតាណុប មានប្រវែង ២៤ម៉ែត្រផងដែរ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង