ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា


ភ្នំពេញ÷ នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជាធាតុចូលនានាពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក (Cambodian Human Rights Committee) និងក្រុមតេឡេក្រាម ។

គ.ស.ម.ក. និង OHCHR-Cambodia គ្រោងនឹងរៀបចំឱ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់និងអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ។ គ.ស.ម.ក. និង OHCHR-Cambodia បន្តសហការអញ្ជើញក្រុមការងារអង្គការសង្គមស៊ីវិលចូលរួមក្នុងកិច្ចពិគ្រោះយោបល់ផងដែរ៕

(គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង