ព័ត៌មានជាតិ

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមប្រព័ន្ធវីដេអូ ។ កិច្ច ប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហ ប្រធាន នៃគណៈកម្មការគោលនយោបាយ CARES ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលជាសមាជិកសមាជិកានៃគណៈកម្មការគោលនយោបាយនេះ និងតំណាងទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនាពេល នេះ មានគោលបំណងធ្វើការពិនិត្យ និងតាមដានវឌ្ឍនភាពរួមគ្នា ក្នុងការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARESនេះ ។ ទន្ទឹមនេះ ឯកឧត្តមក៏បានជម្រាបអង្គប្រជុំអំពីករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ ៤៣៩ ករណីប៉ុណ្ណោះ និងពុំមិនមានករណី ស្លាប់នោះ ទេ ។ ការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ បានល្អប្រសើរយ៉ាងនេះ ដោយសារតែការដាក់ចេញនូវវិធានការពារ និង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឹងម៉ាត់ និងហ្មត់ចត់ ពិសេសការអនុវត្តនូវវិធានការ សុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និង រក្សាគម្លាតសង្គម ព្រមទាំងដោយមានការចូលរួមគាំទ្ររបស់ ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ។ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថា នឹងមានការថមថយ ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ ការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ទាំងលើសកម្មភាពផលិតកម្ម និង ការប្រើប្រាស់ ព្រមទាំងការវិនិយោគ។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាពនៃការដាក់ចេញ វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១ នេះ ។ ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តទៀតថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងរលកថ្មីនៃការរីករាលដាលនៃជំងឺនេះជាបន្តបន្ទាប់ ទាំងនៅជុំវិញពិភពលោក និងនៅកម្ពុជា រហូត មកទល់នឹងនេះ វាបានធ្វើឱ្យយើងកាន់តែស្គាល់ និងយល់ដឹងអំពីជំងឺនេះថែមទៀត ព្រមទាំងយើងអាចមានជម្រើសនៃ ការព្យាបាលជំងឺនេះបានល្អជាងមុន ជាពិសេសយើងអាចដាក់ចេញនូវវិធានការឆ្លើយតបនឹងជំងឺនេះ ឱ្យកាន់តែចំគោល ដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ។ ប្រការនេះ រឹតតែធ្វើឱ្យកម្ពុជាកាន់តែទទួលបទពិសោធន៍កាន់តែច្រើន និងមាន ទំនុកចិត្តខ្ពស់ជាងមុន ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវជំងឺរាតត្បាតដទៃទៀត ។ បច្ចុប្បន្ន កម្ពុជាមានមន្ទីរពិសោធន៍ចំនួន០៤ សម្រាប់ធ្វើតេស្តរកករណីជំងឺកូវីដ-១៩ និងបានបង្កើនសមត្ថភាពធ្វើ តេស្តរក ករណីជំងឺកូវីដ-១៩ ពី ៦០០ សំណាក រហូតទៅដល់ ៤ ០០០ សំណាក ក្នុងមួយថ្ងៃ ព្រមទាំងមានក្រុមឆ្លើយតបរហ័សរហូត ដល់ទៅដល់ ៣ ០០០ ទៅ ៤០០០ នាក់ ដើម្បីគាំទ្រដល់ការធ្វើតេស្ត និងធ្វើការតាមរកអ្នកប៉ះពាល់ជំងឺកូវីដ-១៩ផងដែរ ។ ឯកឧត្តមបានបន្ថែមថា នៅពេលដែលកម្ពុជានឹងទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលខាងមុខនេះ វាអាច នឹងជួយឱ្យកម្ពុជាឈានឆ្ពោះទៅការលុបបំបាត់ជំងឺកូវីដ-១៩ និងអាចដំណើរការសេដ្ឋកិច្ចរបស់ខ្លួនបានពេញលេញឡើង វិញ ។ ឯកឧត្តម វង្សី វិស្សុត ក៏បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺ កូវីដ-១៩, រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ១,៣៥ ប៊ីលានដុល្លារអាមេរិក ដើម្បីត្រៀមឆ្លើយតប នឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។ នៅក្នុងក្របខណ្ឌនេះ រួមទាំងការពង្រឹងប្រព័ន្ធ សុខាភិ បាល, ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ការគាំទ្រដល់អាជីវកម្ម និងធុរកិច្ច ដែលទទួលរងផលប៉ះពាល់ ពិសេស ការគាំទ្រដល់សហគ្រាសធុនតូច និងធម្យម តាមរយៈការដាក់ឱ្យដំណើរការធនាគារអេសអិមអ៊ី និងការធានាឥណទាន ព្រមទាំងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងងាយរងគ្រោះ និងកម្មវិធីសាច់ប្រាក់ពលកម្ម ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលព្យួរការងារ និងការរៀបចំវគ្គ បណ្តុះបណ្តាលដល់កម្មករនិយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេសជាដើម។ល។ ឯកឧត្តម Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជ រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ ឯកឧត្តម ក៏បាន មានប្រសាសន៍ថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ ។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងផងដែរថា ADB នឹងផ្តល់ការគាំទ្រលើ៖ (១). ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈ ការចាប់ផ្តើមការរៀបចំកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីនេះ (២).ការគ្រប់ គ្រងតាមច្រកព្រំដែន ដែលជាចំណុចសំខាន់ក្នុងការបញ្ជៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ (៣).ការការពារជនងាយ រងគ្រោះ ជាពិសេសស្ត្រី និងកុមារ និង (៤).ការគ្រប់គ្រងវិបត្តិនៃការកើនឡើងតម្លៃចំណីអាហារ ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និង ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ។ កម្មវិធីនេះនឹងធ្វើការគាំទ្រដល់ ការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារ ជំងឺកូវីដ -១៩ ។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និង ការទ្រទ្រង់ សេដ្ឋកិច្ច នៃកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ។ អង្គប្រជុំក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិ និងបានដាក់ចេញនូវវិធានការ និងកម្មវិធីការងារអាទិភាព មួយ ចំនួន ជាពិ សេសការរៀបចំយុទ្ធសាស្ត្រនៃការអនុវត្តកិច្ចលទ្ធកម្ម ក្នុងការទិញវ៉ាក់សាំង, ពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យ សុខាភិ បាល, ព្រមទាំងពិនិត្យតម្រូវការចាំបាច់ ទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខាបច្ចេកទេស ដើម្បីអាចសម្រេច បានលទ្ធផល ល្អប្រសើរ តាមគោលដៅដែលរំពឹងទុក ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ ADB និងរាជរដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់នូវការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិ បាលកម្ពុជា ព្រមទាំងបានអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការស្តារ និងអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ នេះផងដែរ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី