ព័ត៌មានកីឡា

ប្រតិភូ កីឡាករពិការកម្ពុជា ចូលរួមក្នុងពិធីបើក ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន


ប្រតិភូ និងកីឡាករពិការកម្ពុជា បានចូលរួមពិ ធីបើកប៉ារ៉ាឡាំពិក (Tokyo 2020 Paralympic Games) ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានដង្ហែក្បួនកាន់ ទង់ជាតិកម្ពុជា និងបានបង្ហាញកិត្តិយសជាតិ នៅក្នុងពិធីបើក ដ៏អធិកអធម នៃការប្រកួតកម្រិតខ្ពស់បំផុត របស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ។

កីឡាករ ជម្រើសជាតិ ពិការកម្ពុជា វ៉ាន វ៉ុន និងនាយបេសកកម្ម លោក យី សុភ័ក្ត្រា បានបង្ហាញក្តីរីករាយ ក្នុងការចូលរួម របស់វិស័យកីឡាជនពិការ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងចំណោម ប្រទេសនានា លើពិភពលោក និងម្ចាស់ផ្ទះជប៉ុន។ ប្រតិភូ និងកីឡាករ ក្នុងព្រឹត្តិការណ៍នេះ ទទួលបានការឧបត្ថម្ភ ទាំងស្រុង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជា ប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានលើកឡើង នៅលើផេកផ្លូវការ របស់ខ្លួនថា «វ៉ាន វ៉ុន ជាកីឡាករ ប្រណាំងរទេះ (កម្រិតពិការភាព T-54) ហើយខ្ញុំរីករាយ ដែលបានឃើញអត្តពលិក ដែលមានទំនាក់ទំនងជាមួយជប៉ុននឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរ ឱ្យគាត់សម្រេច បានជោគជ័យ ហើយខ្ញុំ ក៏សង្ឃឹមថា គាត់នឹងផ្តល់ ការលើកទឹកចិត្ត និងក្តីសង្ឃឹម ដល់ប្រជាជន ទាំងអស់ នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជា ប្រជាជនទូទាំងពិភពលោក ផងដែរ»។ ឯកឧត្តម ជឿជាក់ថា «យើងមិនត្រឹម តែរំភើបចិត្តដោយ ការប្រកួតប្រជែង ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រ ជាច្រើន ដូចជា ភាពសម្បូរបែប នៃគុណតម្លៃ នៅក្នុងសង្គម របស់យើង និងសារៈសំខាន់ នៃការបន្តការព្យាយាម ជាដើមផងដែរ»។ ការប្រកួត ប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែង លំដាប់ថ្នាក់ពិភពលោក របស់អត្តពលិកជនពិការ។ វាត្រូវបានគេប្រារព្ធ ធ្វើរៀងរាល់៤ឆ្នាំម្តង នៅទីក្រុងដដែល ដូចនឹងកីឡាអូឡាំពិកដែរ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ដែរថា បើទោះបីជាកីឡាជនពិការកម្ពុជា ត្រូវបានបញ្ជូនកីឡាករ តែម្នាក់ចូលរួមប្រកួត ក្រោមការដឹកនាំ ដោយនាយបេសកកម្ម ម្នាក់ លោក យី សុភ័ក្ត្រា ក៏នេះគឺជា ការបង្ហាញនូវការខិតខំប្រឹងប្រែង ដើម្បីចូលរួមគាំទ្រ ដល់ម្ចាស់ផ្ទះជប៉ុនរបស់កម្ពុជា និងបង្ហាញពីការចូលរួម កសាងមិត្តភាព សាមគ្គីភាព ជាមួយបណ្តា ប្រទេសនានា នៅក្នុងការប្រកួត ដ៏ធំនេះផងដែរ។
សូមបញ្ជាក់ថា កីឡាករពិការ វ៉ាន វ៉ុន ត្រូវប្រកួត លើវិញ្ញាសា ប្រណាំងរទេះ (កម្រិតពិការភាព T-54) នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។ ពិធីបិទ ជាផ្លូវការ ព្រឹត្តិការណ៍ ប៉ារ៉ាឡាំពិកនេះ គ្រោង នឹងបិទបញ្ចប់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី