ព័ត៌មានកីឡា

CAMSOC បន្តជំរុញលើកិច្ចការ ឲ្យកាន់ស៊ីជម្រៅ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារនេះ តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដើម្បីជំរុញបន្ថែមលើកកិច្ចការសំខាន់ៗឲ្យកាន់តែស៊ីជម្រៅ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំនេះថា «ក្រោយពីយើងបានរៀបចំ នូវសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២រួចហើយ នៅថ្ងៃនេះគឺការស្ដាប់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺយើងត្រូវធ្វើការរៀបចំ ឬក៏ធ្វើការប្រកាសនូវលទ្ធផលនៃសន្និបាតរបស់យើង ហើយដាក់ចេញនូវសកម្មភាពអនុវត្ត ដែលសកម្មភាពទាំងអស់ ត្រូវបានសម្រេចនៅក្នុងសន្និបាតដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលបានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវធ្វើ។ អ៊ីចឹងថ្ងៃនេះ គឺយើងយកអ្វីដែលជាលទ្ធផលនៃសន្និបាតគឺអនុសាសន៍ណែនាំរបស់សម្ដេចប្រធានយកមកបញ្ជាក់បន្ថែម បំភ្លឺបន្ថែម ជូនដល់គណៈកម្មការជំនាញ CAMSOC ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីជំរុញយន្តការអនុវត្តបន្ត»។

ឯកឧត្តមបន្ថែមថា ការអនុវត្តទៅតាមអ្វីដែលមានចែង និងកំណត់នៅក្នុងការសម្រេចរបស់គណៈអចិន្ត្រៃយ៍ឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាអគ្គលេខាធិការដ្ឋាន រួមជាមួយនឹងសហព័ន្ធកីឡាជាតិ ក៏ដូចជាគណៈកម្មការជំនាញទាំងអស់ ឲ្យបានជ្រួតជ្រាបអំពីខ្លឹមសារអត្ថន័យពិតប្រាកដ នៃការជំរុញយន្តការអនុវត្តនៅក្នុងឆមាសទី២។ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍ថា ឆមាសទី២នេះ ត្រូវបន្តធ្វើឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ដែលធ្វើឲ្យបានសម្រេចតាមគោលដៅរបស់ថ្នាក់ដឹកនាំ។ អ្វីដែលនៅសេសសល់ គឺត្រូវរៀបចំ និងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំសម្រេចឲ្យបានរួចរាល់ នៅក្នុងដំណាក់កាលនៃឆមាសទីពីរឆ្នាំ២០២១នេះ ជាពិសេសគឺការរៀបចំឲ្យបានហ្មត់ចត់បំផុត។

គណៈកម្មការជំនាញនីមួយៗត្រូវត្រួតពិនិត្យ និងតាមដានបន្ថែម លើកាលបរិច្ឆេទនៃការកំណត់អនុវត្តការងារ ឬហៅថាការកំណត់ពេលវេលាច្បាស់លាស់នៅក្នុងការអនុវត្តការងារ។ ជារួម យើងទាំងអស់គ្នា នៅគ្រប់គណៈកម្មការជំនាញទាំងអស់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅពេលនេះ គឺយកទៅអនុវត្តតាមផ្នែកជំនាញ ទាំងផ្នែកជំនាញកីឡា ទាំងផ្នែកការរៀបចំព្រឹត្តិការណ៍ ការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍អោយចេញជាផ្លែផ្កា។

«យើងបានទទួលការឯកភាពគ្នានៅក្នុងអង្គប្រជុំពិសេសមួយទៀត គឺការបោះជំរុំហ្វឹកហាត់ ត្រូវពន្លឿនឲ្យទាន់ពេលវេលា ឲ្យរួចរាល់ ឲ្យលឿន ដើម្បីបំពេញនូវកាតព្វកិច្ចរបស់យើង ក្នុងការរក្សានូវការបង្កើនគុណភាពបច្ចេកទេសដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីកសាងសមត្ថភាពរបស់គាត់ដោយភ្ជាប់ជាមួយនិងវិធានការទប់ស្កាត់កូវីដ-១៩។ ដូច្នេះនៅដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ គ្រប់សកម្មភាពការងារទាំងអស់ ត្រូវធ្វើឲ្យបានរួចរាល់ ហើយចាប់ពីដើមឆ្នាំ២០២២តទៅទៅ គឺចាប់ផ្តើមអនុវត្តតែម្តង ពីព្រោះឆ្នាំ២០២២ គឺជាឆ្នាំបើកដំណើរការ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣តែម្តង»៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី