ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី Maryam Salim ដែលទើបត្រូវបានតែងតាំងជាប្រធាន គ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ពិភពលោក ក្នុងរយៈពេលជាងពីរទស្សវត្ស៍កន្លងមក ដែលស្តែងចេញច្បាស់តាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជ- រដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់តាំងពី មានការរាតត្បាតនៅកម្ពុជា នាដើមឆ្នាំ ២០២០ ។ ស្ថានភាពនៃការឆ្លងមិនទាន់មានភាពស្រាក់ស្រាននៅឡើយ, កម្ពុជា ក៏កំពុងប្រឈមនឹងមេរោគបំប្លែងថ្មីប្រភេទ Delta ដែលគិតមកដល់បច្ចុប្បន្ន មានការរីករាលដល់រាជធានីខេត្តចំនួន ២០ ។ ក្នុងគោលដៅគ្រប់គ្រងការរីករាលដាលនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៤ រួមមាន៖ ១. យុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌប្រទេស, ២. ការអនុញ្ញាតឱ្យប្រើប្រាស់នូវតេស្តរហ័សដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ-១៩, ៣. កិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ឱ្យនៅដោយឡែក និងការព្យាបាល, និង ៤. កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការចម្លងដោយអនុវត្តនូវវិធានការសុខាភិបាលយ៉ាងតឹងរឹង ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រនៃ ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ តាមរយៈអភិក្រមចំនួន ៣ រួមមាន៖ ១. ការស្តារ (Recovery) ផ្តោតទៅលើ វិស័យសុខាភិបាល, ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន, គោលនយោបាយសារពើពន្ធ, វិស័យកសិកម្ម, វិស័យទេសចរណ៍, និងវិស័យកាត់ដេរ, ២. ការកែទម្រង់ (Reforms) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង, និង ៣. ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល, ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ, ការស្តារសេដ្ឋកិច្ចឡើងវិញលក្ខណៈបៃតង, និងការពង្រឹងប្រព័ន្ធគាំពារសង្គម ។

លោកស្រី Maryam Salim ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ចនៅព្រះ-រាជាណាចក្រកម្ពុជាសារជាថ្មីម្តងទៀត និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេស ការដាក់ចេញនូវគោលនេយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។ លោកស្រី ក៏អបអរ-សារទរ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងអាចធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ ។ បន្ថែមពីនេះ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់់សាំងសម្រាប់កុមារពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន ។

ភ្ជាប់ជាមួយនេះ, ដូចបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយលោកជំទាវអនុប្រធានធនាគារពិភពលោកនាពេល កន្លងមក, លោកស្រី Maryam Salim បង្ហាញជំហរបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្នុងការផ្តល់ជាធាតុចូលបន្ថែមលើផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឱ្យឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ធនាគារពិភពលោក និងជឿជាក់ថាយ៉ាងមុតមាំថាបេសកកម្ម ការងាររបស់លោកស្រីនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង