ព័ត៌មានកីឡា

អត្តពលិកជនពិការកម្ពុជា យកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ជាឱកាសបង្កើនសមត្ថភាព ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា


អត្តពលិកជនពិការ វ៉ាន វ៉ុន ទទួលបានសិទ្ធិអនុគ្រោះ ចូលរួមប្រកួតតំណាងឲ្យកម្ពុជា ព្រឹត្តការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២០ (2020 Summer Paralympics ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចុងខែសីហា ឆ្នាំ២០២១នេះ ។

កីឡាករជនពិការ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជានាយបេសកម្ម បានចេញដំណើរ ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយធ្វើការប្រកួតលើវិញ្ញាសារប្រណាំងរទេះ១០០ម៉ែត្រ ប្រភេទ T 54 ។
ការចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ដែលនឹងលដំណើរប្រកួតពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខៃកញ្ញា ឆ្នាំ២០២១ខាងមុខនេះ លោក យី សុភក្រ្តា នាយបេសកម្ម បានគូបញ្ជាក់ថា ការប្រជែងមេដាយរបស់កីឡាករ វ៉ាន វ៉ុន ពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺភាគរយតិចតួចណាស់ ព្រោះប្រទេសចូលរួមសុទ្ធសឹងជាកីឡាករខ្លាំងៗលំដាប់ពិភពលោក ។ ម្យ៉ាងទៀតក្នុងបរិបទទទួលរងនូវផលប៉ះពាល់ការឆ្លងរីរាលដាលជំងឺកូវីដ-១៩ធ្វើអោយអត្តពលិកយើងពុំបានហ្វឹកហាត់ផ្ទាល់ នៅលើទីលាន និងជាមួយគ្រូបង្វឹកនោះទេ គឺតម្រូវអោយហ្វឹកហាត់តាមប្រព័ន្ធហ្សូមធ្វើអោយកម្រិតបច្ចេកទេស មិនមានការរីកចំរើននោះទេ ។ នាយបេសកម្មរូបនេះ បានបន្ថែមថា សម្រាប់ការចូលរួមលើកនេះ យើងរំពឹងត្រឹមទទួលបាននូវបទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងមេដាយការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅវៀតណាម ឆ្នាំ២០២២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិសេសបទពិសោធន៍ នៃការរៀបចំ ដើម្បីត្រៀមសម្រាប់ ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា នេះជាលើកទីហើយដែល កីឡាករ វ៉ាន វ៉ុន ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក ដោយលើកទី១ ឆ្នាំ២០១៦ នៅទីក្រុងរីយូ ប្រទេសប្រេស៊ីល និងលើកទី២ នៅជប៉ុន ។
គួររំលឹកថា សិទ្ធផលរបស់ វ៉ាន វ៉ុន នៅព្រឹត្តការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ ធ្វើក្នុងថេរៈវេលា ១៥.៤៤ វិនាទី ខណៈម្ចាស់មេដាយមាស Leo-Pekka Tähti ជនជាតិហ្វាំងឡង់ ធ្វើបាន ១៣.៩០ វិនាទី ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី