ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម PABLO KANG ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference


ក្នុងជំនួបពិភាក្សានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តី-សោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំង បច្ចេទេស និង ហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍ នៅកម្ពុជាស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែ សង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី ១ និង ២ (Cambodia Agricultural Value Chain Program) ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និង ភាពធន់កសិកម្ម ជាដើម ។

ក្នុងឱកាសនោះ, ឯកឧត្តម PABLO KANG ឯកអគ្គរាជទូតអូស្រ្ដាលី បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានាដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា៖ គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី (Mekong-Australia Partnership), មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ (Mekong-Australia Centre for Water and Irrigation), ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។ ទន្ទឹមនេះ ឯកឧត្តមអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់ កម្ពុជាលើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និង ការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។ បន្ថេមពីនេះ ឯកឧត្តមអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លារអូស្រ្តាលី និង អាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តមអគ្គរាជទូត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលីដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និង ជំនួយបច្ចេក-ទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ កន្លងមក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវសេចក្តីរីករាយ និង ការគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសបន្ថែមដល់កម្ពុជា និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និង ការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និង វែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើងវិញ កំណែទម្រង់ និង ភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះ-ពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងន័យនេះ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្រ្តាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់យោបល់ជូន ឯកឧត្តមអគ្គរាជទូត ធ្វើការពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និង មានភាពប្រទាក់ក្រឡាគ្នា ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណយ៉ាងជ្រាល-ជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្រ្ដាលី តែងតែយកចិត្តទុកដាក់ និង ផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និង ចំទិសដៅ និង សូមជូនពរ ឯកឧត្តម PABLO KANG ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញភារកិច្ចនៅកម្ពុជា និង បានប្រកាសឱ្យមានការចុះហត្ថលេខាធិការលើអនុស្សារណៈនៃការ យោគយល់គ្នាលើគម្រោងនៃការសិក្សាបុរេសមិទ្ធិនៃការបង្កើតសួនកសិ-ឧស្សាហកម្ម រវាងតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋ-កិច្ចជាតិ និង តំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង