ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ប្រគល់លិខិតបញ្ជាក់ពី ការផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូន កាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩


នៅថ្ងៃពុធ ទី ១៨ ខែសីហា ឆ្នាំ២០២១នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងប្រគល់ជូន ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា នូវលិខិតបញ្ជាក់ស្តីពីការឧបត្ថម្ភថវិកាចំនួន 100,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដេីម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅប្រទេសមីយ៉ាន់ម៉ា។ ថវិកានេះ នឹងត្រូវផ្ទេរតាមរយៈប្រព័ន្ធធនាគារ ពីគណនីរបស់កាកបាទក្រហមកម្ពុជា ទៅកាន់គណនីរបស់កាកបាទក្រហមមីយ៉ាន់ម៉ា។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការកោតសរសេីរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមមីយ៉ាន់ម៉ា និងក្រុមគ្រូពេទ្យមីយ៉ាន់ម៉ា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លេីយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវ បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរ ចែករំលែកក្តីស្រឡាញ់ ធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបទពិសោធន៍ដល់សមាគមជាតិជាបងប្អូនដែលជួបការលំបាកក្នុងស្ថានភាពគ្រោះធម្មជាតិ ឬវិបត្តិភ័យផ្សេងៗ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ជំនួសមុខឱ្យកាកបាទក្រហមមីយ៉ាន់ម៉ា រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាសប្បុរសធម៌ដល់មីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តម បានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសមួយតូច ប៉ុន្តែមានបេះដូងធំ។ កម្ពុជា និងមីយ៉ាន់ម៉ា ជាមិត្តពិតប្រាកដ។ យើងមានទំនៀមទំលាប់ ប្រពៃណី សាសនា ប្រហាក់ប្រហែលគ្នា។ មីយ៉ាន់ម៉ា នឹងបន្តខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងរក្សាទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។ ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង