ព័ត៌មានកីឡា

ក្លឹបកីឡាប្រណាំងទូក ភូមិពោធី៍មង្គល ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចំរើន ទៅតាមទំនៀមទំលាប់ប្រពៃណី ប្រចាំឆ្នាំ


ថ្មីៗនេះ គណៈកម្មការ គ្រប់គ្រងទូក របស់ ក្លឹបប្រណាំងទូក ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ បានរៀបចំ ពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចំរើន ពិសេស សូមឲ្យទទួលបាន ជ័យជំនះ សម្រាប់ ការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ ប្រណាំងផ្សេងៗ។

ពិធីនេះ បានធ្វើឡើងនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាលឺ ដោយមានការ ចូលរួមពី លោក ពៅ វណ្ណា ប្រធាន ការិយាល័យកីឡា នៃមន្ទី អប់រំយុវជន និងកីឡាខេត្តកណ្ដាល លោកស្រី ប្រាក់ សោភា និងលោក សែម សឿន ប្រធាន គណៈកម្មការដឹកនាំ និងគ្រប់គ្រងទូក និង មានការចូលរួម ពី លោក ជំទប់ទី២ ឃុំព្រែកតាទែន ដែលជាអាជ្ញាធរ មូលដ្ឋានផងដែរ ។

លោក ស្រី ប្រាក់ សោភា បានឲ្យដឹងថា ក្នុងក្លឹបទូក ភូមិពោធិ៍មង្គល មានទូក សម្រាប់ប្រណាំងចំនួន១០ទូក ចែកជា៣ប្រភេទ ក្នុងនោះ មានទូកប្រពៃណី ខ្នាតអន្ដរជាតិ ចំនួន៨ មានទាំងចំណុះ ២២នាក់ និងចំណុះ១២នាក់ ដែល ទូកបុរស៤ទូក និងនារី៤ទូក។ ក្រៅពីនេះក៏មានទូកនាគ ចំណុះ១២នាក់១គ្រឿង និងទូករ៉ូអ៊ីង ១គ្រឿងផងដែរ។

លោកស្រី បានឲ្យដឹងថា បច្ចុប្បន្ន កីឡាករ ក្នុងក្លឹប នៅបន្ដការហ្វឹកហាត់ តាមផ្ទះរៀងៗខ្លួន ហើយក៏ មានការប្រមូលផ្ដុំគ្នា ហ្វឹកហាត់ខ្លះៗ ដែរជាទ្រង់ទ្រាយតូច ដោយឆ្លាស់វេនគ្នា ទូកចំណុះ១២នាក់ គឺឲ្យហ្វឹកហាតតែ៦នាក់ ប៉ុណ្ណោះក្នុង១ទូក ដើម្បីរក្សាគម្លាត រួមជាមួយ និងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដោយហ្វឹកហាត់ពេលល្ងាច អុំ១ជើងឬ២ជើងក្នុងចំងាយ១ពាន់ម៉ែត្រ ចំណែកកីឡាករ ទូករ៉ូអ៊ីងដែលអុំតែម្នាក់ឯងពុំមានបញ្ហាអ្វីឡើយ ក្រៅពីការហ្វឹកហាត់អុំជាក់ស្ដែង ក៏មានការហ្វឹកហាត់រក្សាកម្លាំងអំណត់ ដោយការជិះកង់ និងលើក ដុំដែកផងដែរ។ ជាមួយនេះលោក ស្រី ប្រាក់ សោភាបានសំណូមពរដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សូមជួយផ្ដល់ការណែនាំ ផ្នែកបច្ចេកទេសបន្ថែមទៀតដល់ក្លឹបលោកស្រី ដើម្បីជំរុញការហ្វឹកហាត់ ឈានទៅ លើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនី ឲ្យបានកាន់តែប្រសើរ ។

ក្នុងឱកាស ជួបសំណេះសំណាល ជាមួយ កីឡាករ កីឡាការិនីលោក ពៅ វណ្ណា មានប្រសាសន៍ថា នៅក្នុងបរិបទកូវីដ១៩នេះ យើងមិនអាចប្រមូលផ្ដុំហ្វឹកហាត់បានទេ គឺបានតែក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដូចនេះ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯងតាមការណែនាំរបស់គ្រូបង្វឹក ដើម្បីបង្កើនសមត្ថភាពសម្រាប់ត្រៀមចូលរួមការប្រកួត ថ្នាក់ជាតិ ដែលអាចធ្វើនៅចុងឆ្នាំនេះប្រសិនបើ ស្ថានភាពកូវីដ មានលក្ខណៈល្អប្រសើ តែទោះជាយ៉ាងណា ត្រូវ អនុវត្តនូវ វិធាន៣កុំនិង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុវត្ថិភាពពីការឆ្លងមេរោគកូវីដ១៩ ដល់ ខ្លួនយើង ក្រុមគ្រួសារ និង សង្គមជាតិទាំងមូល ។

គួររំលឹកថា ទូកប្រណាំងរបស់ក្លឹបភូមិពោធិ៍មង្គល ឃុំព្រែកតាទេន ធ្លាប់មានឈ្មោះបោះសម្លេងជាយូរមកហើយ ដោយធ្លាប់ដណ្ដើមបានមេដាយជាច្រើន ពី ព្រឹត្តិកាណ៍ផ្សេងៗ ដូចជាការប្រកួត ជ្រើរើសជើងឯកថ្នាក់ជាតិ ការ ប្រណាំង នៅខេត្តស្វាយរៀង កម្មវិធីបុណ្យទន្លេ កម្មវិធីបុណ្យ នៅខេត្តសៀមរាប និង ព្រះរាជពីធីបុណ្យអុំទូកអក អំបុកសំពះព្រះខែនៅមុខព្រះបរមរាជវាំងជាដើម ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី