ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣


ខេត្តមណ្ឌលគិរី ៖ វ៉ាក់សាំងលើកទី៣ ឬហៅថា ដូសជម្រុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាក់ជូនដល់នាយ នាយរងអាវុធហត្ថ និងគ្រួសារកងទ័ព ដើម្បីបង្កើនប្រសិទ្ឋភាពការពារការចម្លងជំងឺកូវីដ១៩ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាថ្ងៃទី១៦ សីហា ២០២១ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទីមួយ និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលយកចិត្តទុកដាក់ដល់កម្លាំងទូទាំងប្រទេស ដើម្បីសុខមាលភាពរបស់គ្រួសារកងកម្លាំង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តល់វ៉ាក់សាំង ដល់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សម្រាក់ចាក់ជូននាយ នាយរងអាវុធហត្ថ និងគ្រួសារ។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរសុខាភិបាល នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំ យកសំណាកដល់នាយ នាយរង អាវុធហត្ថទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងអាវុធហត្ថ និងគ្រួសារមានចំនួន២៥៦ដូស បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%។

នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានថ្លែងអំណរគុណជាអនេក ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ និងកម្លាំងជួរមុខ។

ដោយសារការយកចិត្តទុកដាក់នេះ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានទទួលការចាក់វ៉ាក់សាំងលើកទី៣ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ គ្រប់ៗគ្នា៕

(មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង