ព័ត៌មានជាតិ

ខេត្តកំពង់ចាម ត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករមកពីក្រៅប្រទេស អាចទទួលបានចំនួនជាង ៧,០០០នាក់


ខេត្តកំពង់ចាម បានត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករមកពីក្រៅប្រទេសក្នុងចំនួនជាង ៧,០០០ នាក់ ប៉ុន្តែរដ្ឋបាលខេត្ត ខណ:ពេលកំពុងរៀបចំជាបន្តបន្ទាប់នេះ មានការខ្វះខាតសម្ភារៈស្នាក់នៅ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែសីហាមឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំស្ដីអំពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ពលករមកពីប្រទេសថៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំផ្ទះក្រញូង ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត រៀបចំការធ្វើចត្តាឡីស័ក និងព្យាបាលបែងចែកទៅតាមប្រភេទជំងឺកូវីដ១៩ ធម្មតា និងប្រភេទដែលតា ពីព្រោះប្រភេទដែលតានេះ គឺមានការឆ្លងលឿននិងកាចសាហាវ ដែលងាយរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងមកនេះរដ្ឋបាលខេត្តបានរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ បាន ២កន្លែង គឺមន្ទីរពេទ្យមេគង្គសម្រាប់ព្យាបាលជំងឺកម្រិតធ្ងន់ និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ សម្រាប់អ្នកជម្ងឺកម្រិតស្រាល ។ ប៉ុន្តែដោយសារនៅពេលឆាប់ៗ ខាងមុខនេះ វិទ្យាល័យព្រះសីហនុ និងបើកឲ្យសិស្សចូលរៀនវិញ ដូច្នេះ កន្លែងព្យាបាលមួយនេះត្រូវផ្ទេរ មណ្ឌលព្យាបាលភ្នំប្រុស ភ្នំស្រី វិញ ដោយប្រើប្រាស់អាគារពាណិជ្ជកម្ម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺប្រភេទដែលតា អាចដាក់បានចំនួន ៣១២គ្រែ និងបំពាក់សម្រាប់សង្គ្រោះបន្ទាន់ ២០ គ្រែ នឹងនៅសល់ជាង ៦០០គ្រែទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រភេទធម្មតា។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានរៀបចំមណ្ឌលធ្វើចត្តាឡីស័កសម្រាប់ពលករ ដោយនៅក្នុងសាលាគរុកោសល្យភូមិភាគបន្ថែម ៤អគារទៀត និងឃ្លាំងពាណិជ្ជកម្ម ក្នុងក្រុងកំពង់ចាម បូករួមទាំងឃ្លាំងពាណិជ្ជកម្ម១ទៀត នៅក្នុងស្រុកកងមាស រួមទាំងមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដាលស្រុកទាំង៩ ផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដារស្រុក ភាគច្រើនជាសាលារៀន ដូច្នេះក្នុងពេលមិនយូរខាងមុខនេះ នឹងត្រូវយកសាលារៀនបើកឲ្យសិស្សចូលរៀនវិញ ។ ហេតុនេះហើយ ការរៀបចំកន្លែងមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលនៃឃ្លាំងពាណិជ្ជកម្មទាំង ៣នេះ គឺជួបប្រទះការខ្វះខាត សម្ភារៈស្នាក់នៅឲ្យបានសមរម្យ សម្រាប់បងប្អូនពលករដែលចូលធ្វើចត្តាឡីស័កនៅទីនោះ ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក៏បានរៀបចំពហុកីឡាដ្ឋានមួយកន្លែងដែរ ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័កប្រសិនបើមានការកើនឡើង ពលករមកពីក្រៅប្រទេសនោះ ដែលអាចទទួលពលករបានប្រមាណជា ៣,០០០នាក់ ។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០ កុម្ភៈ គឺរដ្ឋបាលខេត្តតម្រូវឲ្យពួកគាតធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ។ ប៉ុន្តែត្រូវតែគិតគូរអំពីជីវភាពរបស់ពួកគាត់ ពោលគឺផ្ដល់ជូនជាស្បៀងអាហារដល់ពួកគាត់ ដោយសារតែពួកគាត់មិនអាចចេញក្រៅប្រកបមុខរបរបាន ។
ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ចាម

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង