ព័ត៌មានកីឡា

កីឡាវ៉ូវីណាម ប្ដេជ្ញាសម្រួចការហ្វឹកហាត់ក្នុងស្រុក ក្រោយខកខានទៅបោះជំរំ នៅវៀតណាម


ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ វ៉ូវីណាមកម្ពុជា ទទួលបានភ្លើងខៀវ ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នាពេលឆាប់ៗខាងមុខ ដើម្បីធ្វើការហ្វឹកហាត់ ក្នុងស្រុក របស់ក្រុមជម្រើសជាតិ ឲ្យបានខ្លាំង ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម ក្រោយខកខានចេញ ទៅបោះជំរំហ្វឹកហាត់ នៅប្រទេសវៀតណាម ដោយសារ បញ្ហាកូវីដ-១៩។

ប្រធានសហព័ន្ធ បានបន្តទៀតថា អំឡុងពេលខកខាក ប្រមូលផ្ដុំហ្វឹកហាត់ បានធ្វើឲ្យបច្ចេកទេស របស់កីឡាករ-កីឡាការិនីម្នាក់ៗ មានការធ្លាក់ចុះ។ ដូច្នេះក្រោយមានការអនុញ្ញាតឲ្យប្រមូលផ្ដុំនៅពហុកីឡដ្ឋានជាតិមរតកតេជោ សហព័ន្ធនឹងយកឱកាសនេះដើម្បីពង្រឹងការហ្វឹកហាត់ និងស្ដារបច្ចេកទេសឡើងវិញ ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែលពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ ផង និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។

សូមបញ្ចាក់ថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រួតពិនិត្យ ទីតាំងដើម្បីប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោរួចរាល់ហើយ ខណៈក្នុងពេលឆាប់ៗខាងមុខ ក្រុមជម្រើសជាតិរបស់ខ្លួនដែលកំពុងធ្វើការហ្វឹកហាត់តាម Online តាមផ្ទះរៀងៗខ្លួន ក្នុងបរិបទកូវីដ-១៩ នោះ នឹងត្រូវផ្ទេរទៅប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់នៅទីនោះ ក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិ CAMSOC និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី