ព័ត៌មានជាតិ

ស្ថានទូតចិន និងទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចំនួន៨ ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ជូនរដ្ឋបាលរាជធានីដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩


អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនផ្សេងទៀត ត្រូវបានស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានរីករាលដាល ចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មី ប្រភេទដែលតា (DELTA)។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ។
អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះ រួមមាន៖
១. ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,000 ប្រអប់
២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,000 ប្រអប់
៣.ខេត្ត ហ៊្វជៀន ថ្នាំបុរាណចិន ៣០,000 ប្រអប់
៤. ទីក្រុងគុន មិញ ថ្នាំបុរាណចិន ៥៤00 ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយដំហានទី១)
៥.ទីក្រុងសៀងហៃ ថ្នាំបុរាណចិន ២៤00 ប្រអប់(អំណោយហានទី២)
៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ ប្រអប់
៧.ទីក្រុងវ៉ូហាន ថ្នាំបុរាណចិន ៩,២០០ ប្រអប់
៨.ទីក្រុងណាននីង ថ្នាំបុរាណចិន ៨០០០ ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ០៣ គ្រឿង
សរុបថ្នាំបុរាណចិន ៩៥០០០ ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១៣ គ្រឿង ។
ឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិន ដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ដែលមានទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ៊្វូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាននីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម​ ឃួង ស្រេង បានបន្តថា ៖ការបរិច្ចាកនូវ ឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាទាន់ពេលវេលាមិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេសនិងប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការដែលមានស្រាប់ក្នុងការការពារនិងលើកកម្ពស់សុខុមាលភាពក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍សុខភាព និងវិបុលភាពរួម៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង