ព័ត៌មានជាតិ

តាមរយៈប្រព័ន្ធវីដេអូ (Video Conference), ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងបន្តពិនិត្យ ដោះស្រាយបញ្ហាដែលវិស័យឯកជនកំពុងប្រឈម និងជួបប្រទះ


តាមរយៈប្រព័ន្ធវីដេអូ (Video Conference), ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) ដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងបន្តពិនិត្យ ដោះស្រាយបញ្ហាដែលវិស័យឯកជនកំពុងប្រឈម និងជួបប្រទះ ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ-១៩ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល វិស័យ ឯកជន និងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានចូលរួមមរណទុក្ខជូនចំពោះ ឯកឧត្តម Bretton G. Sciaroni អតីតសហប្រធានក្រុមការងារដែលបានមរណៈកាលពីពេលថ្មីៗនេះ ។ ឯកឧត្តម Bretton G. Sciaroni បានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើន ក្នុងការចូលរួមកសាងនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា ល្អប្រសើរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសំដែងនូវការអបអរសាទរ និងស្វាគមន៍លោក អានូដ ដាក ដែលទើបត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ តាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ជា សហប្រធាន ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។

កង្វល់អាទិភាពរបស់វិស័យឯកជនដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានអង្គប្រជុំធ្វើការពិភាក្សាគឺ ការតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជិក និងវិនិយោគិន ដែលធ្វើដំណើរចូលមកកម្ពុជា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ-១៩ នេះ ។ កង្វល់នេះ ត្រូវបាន ពិភាក្សារកដំណោះស្រាយម្តងរួចហើយ នៅក្នុងកិច្ចប្រជុំរវាងវិស័យឯកជន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ។
ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន រក្សាបាននូវសកម្មភាពធុរៈកិច្ច ជាមួយនឹងការរក្សាបាននូវឧត្តមប្រយោជន៍ សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩, អង្គប្រជុំ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន, បទអន្តរាគមន៍របស់មន្រ្តីជំនាញផ្នែកសុខា-ភិបាល, អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក រួមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ ។ ជាមួយនឹង “ការរៀនរស់នៅតាមគន្លងថ្មី (New Normal)”, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ នៃផ្នែករាជរដ្ឋាភិបាល, អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បន្តខិតខំបន្ថែមទៀត សហការឲ្យកាន់តែជិតស្និទ្ធជាមួយផ្នែកឯកជន យកចិត្តទុកដាក់ តាមដានរាល់បញ្ហារបស់ផ្នែក ឯកជនឱ្យជាប់ជាប្រចាំ និងដោះស្រាយទៅតាមករណីជាក់ស្តែង ពិសេស ពាក់ព័ន្ធរយៈពេលនៃការធ្វើចត្តាឡីស័ក, ការកំណត់សណ្ឋាគារសម្រាប់ស្នាក់នៅកំឡុងពេលធ្វើចត្តាឡីស័ក ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិន ប៉ុន្តែជាមួយគ្នានេះនៅតែអាចរក្សាឲ្យបានការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ កិច្ចការទាំងនេះ គឺជាអាទិភាព រួមចំណែកធានាបានបរិយាកាសល្អប្រសើរសម្រាប់វិស័យឯកជន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយ វិបត្តិកូវីដ-១៩ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលការងារខាងផ្នែកឯកជន ពិសេស “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជាឱ្យបន្តនូវតួនាទីជាអ្នកសម្របសម្រួលក្រុមការងារខាងផ្នែកវិស័យឯកជន សំដៅធ្វើឱ្យវិស័យឯកជនកាន់តែមានជវភាព, ភាពជាម្ចាស់ និងជាដៃគូរឹងមាំរបស់រាជរដ្ឋាភិបាល រួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ-១៩, ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង