ព័ត៌មានកីឡា

សាលី អ៊ូមើត នឹងចូលរួមព្រឹត្តិការណ៍ថ្មីមួយទៀតនៅអឺរ៉ុប ក្រោយខកខានប្រកួតកីឡាម៉ូតូទឹកពិភពលោក ជុំទី១


កីឡាករ សាលី អ៊ូមើត បន្ទាប់ពីខកខាន ចូលរួមការប្រកួត កីឡាម៉ូតូទឹក ពិភពលោក Jet Ski World Series 2021-2022 (ជុំទី១) នៅប្រទេស ប៉ូឡូញ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយកីឡាករ ម៉ូតូទឹកជម្រើសជាតិកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ អន្តរជាតិ មួយទៀតនៅអឺរ៉ុប នាខែកញ្ញាខាងមុខ គឺការប្រកួត Grand Prix of Italy នៅប្រទេសអ៊ីតាលី។
សាលី អ៊ូមើត បានឲ្យដឹងថា បច្ចុប្បន្នខ្លួន និងកីឡាករជម្រើសជាតិ ម៉ូតូទឹកកម្ពុជា ៤រូបទៀត កំពុងធ្វើចត្តាឡីស័ក នៅកម្ពុជា ក្រោយធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ។ ម្ចាស់មេដាយ មាសកីឡា អាស៊ីឆ្នាំ២០១៨ ដដែលបន្ដថា ការមកកម្ពុជានេះ គឺដើម្បីបន្ដសុពលភាពលិខិតឆ្លងដែន (Passport) ហើយស្នើសុំទិដ្ឋាការ ទៅប្រទេស អាល្លឺម៉ង់ជាថ្មី បន្ទាប់ពី មានបញ្ហាយឺតយ៉ាវអំឡុងពេលស្នើសុំនៅប្រទេសថៃ ដែលនាំឲ្យខកខានចូលរួមព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នៅប្រទេសប៉ូឡូញកាលពីថ្មីៗ។ កីឡាករខ្មែរឥស្លាមដដែលបន្ថែមថា ចំពោះការស្នើទិដ្ឋាការ ឬ Visa ទៅអឺរ៉ុបលើកនេះគឺដើម្បីទៅយកម៉ូតូថ្មីរបស់ខ្លួននៅប្រទេសអូទ្រីសផង និងដើម្បីចូលរួមការប្រកួតដ៏ធំមួយប្រចាំទ្វីបអឺរ៉ុប នៅប្រទេសអ៊ីតាលីផងគឺការប្រកួត Grand Prix of Italy 2021 ដែលគ្រោងប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកញ្ញាខាងមុខ។

ការប្រកួតនេះគឺដើម្បីផ្សាំជាមួយនឹងម៉ូតូទឹកថ្មីរបស់ខ្លួនផង ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នៅសហរដ្ឋអាមេរិកក៏ដូចជាជុំទី៣ នៅប្រទេសថៃ ពិសេសគឺពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ សូមបញ្ជាក់ថា ដំបូងឡើយ អ៊ូមើត ត្រូវចូលរួមប្រកួតព្រឹត្តិការណ៍ Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍មុន តែដោយសារបញ្ហាស្នើសុំទិដ្ឋាការទៅអាល្លឺម៉ង់មានការយឺតយ៉ាវ បានធ្វើឲ្យគេខកខានចូលរួមការប្រកួត ១ជុំ។ ប៉ុន្ដែកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជារូបនេះនឹងចូលរួមការប្រកួត ២ជុំទៀត ទោះបីការប្រកួតត្រឹម ២ជុំនេះពុំទទួលបានចំណាត់ថ្នាក់ក៏ដោយ ក្នុងនោះជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជាជុំកាត់សេចក្ដីនឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី