ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ពីស្ថានភាពស្នាក់នៅ -ការធ្វើតេស្តសំណាក នៅក្នុងការប្រកួតកីឡាអូឡាំពិក ពីប្រទេសជប៉ុន


បន្ទាប់ធ្វើដំណើរប្រកបដោយ សុខសុវត្តិភាព និងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ ពីម្ចាស់ផ្ទះ ជប៉ុន ដែលរៀបចំ ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម បានរាយការណ៍ពី ស្ថានភាពស្នាក់នៅ ហូបចុក ការធ្វើតេស្តរកមេរោគកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិក ហ្គេម ចាប់ផ្តើមជាផ្លូវការនៅថ្ងៃស្អែកនេះ។
ឯកឧត្តម នាយបេសកកម្មកម្ពុជា បានរាយការណ៍ពី ភូមិអូឡាំពិក នៃប្រទេសជប៉ុន តាមរយៈសារអឡិចត្រូនិក កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១មកថា នៅក្នុងភូមិអូឡាំពិកនេះ គឺជាកន្លែងប្រមូលផ្តុំ ស្នាក់នៅ ហូបចុក របស់អត្តពលិក នៃបណ្តាប្រទេសនានា ទូទាំងពិភពលោក ដែលមានចំនួន ប្រមាណ៨ពាន់នាក់ បូករួមទាំងកន្លែងស្នាក់នៅផ្សេងៗប្រមាណ ១ម៉ឺននាក់។ នៅក្នុង ភូមិអូឡាំពិកនេះ គឺមានការបង្រៀបទង់ជាតិ នៃបណ្តាប្រទេសចំនួន ២០៦ប្រទេស ក្នុងនោះក៏មាន ទង់ជាតិកម្ពុជា កំពុងបង់រវិចៗផងដែរ ដែលចូលរួម ប្រកួតកីឡាអូឡាំពិក ឆ្នាំនេះ។ ស្ថានភាព នៅពេលនេះមិនអ៊ូអរពេកទេ ដូចការប្រកួតអូឡាំពិកមុនៗទេ ហើយគ្រប់សមាសភាពប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី រួមទាំងមន្ត្រីកីឡានានាត្រូវពាក់ម៉ាស់ទាំងអស់គ្នា ហើយពេលទៅកន្លែងហូបបាយត្រូវលាងដៃសម្អាតដៃ ដោយអាល់កុល សម្អាតតុបាយរបស់ខ្លួន ហើយពេលចាប់អាហារត្រូវមានស្រោមដៃជាដើម។ ការរៀបចំនេះមានលក្ខណៈល្អប្រសើរ ដើម្បីបង្ការជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមទៀតថា សម្រាប់ការធ្វើតេស្តរក មេរោគជំងឺកូវីដ-១៩ នៅក្នុងភូមិអូឡាំពិកនេះ ត្រូវធ្វើតេស្តម៉ាស៊ីធំ ជារៀងរាល់ថ្ងៃ (PCR Test) ដោយតេស្តរបៀបថ្មី គឺស្តោះទឹកមាត់ដាក់ ក្នុងបំពង់ ដែលមានក្រុមគ្រូពេទ្យ តាមក្រុមអត្តពលិក នៃប្រទេសនីមួយៗ យកទៅធ្វើតេស្ត ក្នុងនោះសម្រាប់ក្រុមប្រតិភូ-អត្តពលិកកម្ពុជា ក៏មានវេជ្ជបណ្ឌិតម្នាក់ប្រចាំ ការជាមួយយើងដែរ ដើម្បីប្រមូលសំណាកទឹកមាត់ យកទៅពិនិត្យនៅម៉ាស៊ីនធំ PCR Test ហើយប្រសិនបើមានករណីវិជ្ជមានកូវីដ-១៩ គឺគេយកទៅព្យាបាលភ្លាមៗផងដែរ។ មកដល់ពេលនេះ នៅក្នុងភូមិអូឡាំពិកនេះស្ងប់ស្ងាត់ល្អ ដោយមិនទាន់មានរកឃើញករណីវិជ្ជមានកូវីដ-១៩នៅឡើយទេ។ ចំពោះក្រុមប្រតិភូ អត្តពលិកកម្ពុជា មានសុខសុវត្ថិភាពល្អទេ ហើយគ្រប់សមាសភាពអត្តពលិកទាំងអស់នៅក្នុងកន្លែងស្នាក់នៅ-ហូបចុកនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីរង្វង់ភូមិអូឡាំពិកឡើយ លើកលែងតែចេញទៅកន្លែងហ្វឹកហាត់ប៉ុណ្ណោះ។
ឯកឧត្តម នាយបេសកកម្មចាត់ទុកថា នេះគឺជាវិធានការដ៏រឹងបំផុត ដើម្បីការងារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ពីម្ចាស់ផ្ទះ ជប៉ុន ហើយភូមិអូឡាំពិកនេះធំទូលាយមានគម្លាតឆ្ងាយៗពីគ្នាផងដែរ។ ទោះយ៉ាងនេះក្តី ក៏គ្រប់អ្នកស្នាក់នៅក្នុងនេះត្រូវតែអនុត្តឲ្យបានខ្ជាប់ខ្ជួនតាមរយៈការពាក់ម៉ាស់ ពាក់របាំងមុខ រក្សាគម្លាត លាងដៃដោយអាល់កុលញឹកញាប់ផងដែរ៕

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី