ព័ត៌មានជាតិ

ឯកឧត្ដម វង្សី វិស្សុត ដើម្បីកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់


នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណ:កម្មាធិការសិក្សាអំពីការស្រង់ថ្លៃដើម (Cost Recovery) ដើម្បីកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Virtual Meeting) ជាមួយតំណាងប្រទេសអូស្ត្រាលី ដែលដឹកនាំដោយលោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក Nam Le ប្រធានក្រុមទីប្រឹក្សានៃកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី ដោយមានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សមាជិក និងសមាជិកានៃអនុគណៈកម្មា-ធិការសិក្សាអំពីការស្រង់ថ្លៃដើមផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិភាក្សាអំពីសេចក្តីព្រាងក្របខ័ណ្ឌ និងផែនទីបង្ហាញផ្លូវ (Road Map)ស្តីពីការស្រង់ថ្លៃដើមលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជា និងប្រមូល ធាតុចូល ទាំងលើទម្រង់ និងលើខ្លឹមសារ ដើម្បីឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិផង និងស្ថានភាពជាក់ស្តែងនៅកម្ពុជាផង។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ វង្សី វិស្សុត បានលើកឡើងថា តម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំង ក៏ដូចជាអនុវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀត ខណៈពេលដែលធនធានហិញ្ញវត្ថុរបស់រាជរដ្ឋាភិបាល សម្រាប់វិនិយោគលើវិស័យនេះ នៅមានកម្រិតនៅឡើយ។ វាបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់រាជរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដើម្បីរត់ប្រដេញតាមឱ្យទាន់តម្រូវការមានអនាម័យកាន់តែប្រសើរ, ការដោះស្រាយបញ្ហាបរិស្ថាន, និងការឆ្លើយតបទៅនឹងកំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីក្រុង និងទីប្រជុំជន។ ជាគោលការណ៍ ក្នុងការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគនៅទីក្រុងណាមួយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើប្រភពហិរញ្ញប្បទាន និងតម្លៃប៉ាន់ស្មានប៉ុណ្ណោះទេ ថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរលើផែនការមេ, ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគនៃទីក្រុង និងជាពិសេស គឺនិរន្តរភាពនៃការងារទាំងនេះ ព្រមទាំងការអភិវឌ្ឍស្ថាប័នផងដែរ ដោយសារតែទំហំរបស់វាកាន់តែធំឡើង និងកាន់តែស្មុគស្មាញឡើង។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមថា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ត្រូវមានផែនការ និងយន្តការហិរញ្ញប្បទាន និងការស្រង់ថ្លៃដើមច្បាស់លាស់ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្លៃដើម និងនិរន្តរភាពរបស់គម្រោង។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ វង្សី វិស្សុត បានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីបញ្ហាថវិកា, គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយដូចជា ការរៀបចំ និងបង្កើនសមត្ថភាព ស្ថាប័ន, ការគ្រប់គ្រង, និងគោលនយោបាយស្តីពីការបង់ថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា។ ខុសគ្នាពីសេវាសាធារណៈដទៃទៀត ដូចជា សេវាទឹកស្អាត អគ្គិសនី ជាដើម ហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់រងការលំបាកដោយសារម្ខាងបណ្តាលមកពីទស្សនៈអាចគេចវេសបាន និងមានកម្រៃសេវាទាប និងម្ខាងទៀត ហិរញ្ញប្បទានសម្រាប់វិស័យនេះនាំឱ្យបាត់បង់ឱកាសក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀត។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អនុគណៈកម្មាធិការស្រង់ថ្លៃដើមមានភារកិច្ចរៀបចំក្របខ័ណ្ឌស្រង់ថ្លៃដើម និងហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដែលជាគោលការណ៍ណែនាំមួយសម្រាប់ការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគសាធារណៈនាពេលអនាគត ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ហើយមាននិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទន្ទឹមនេះ លោក Andreas Zurbrugg បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងការរៀបចំឱ្យមានក្របខណ្ឌគោលនយោបាយកម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលីបានចាត់ទុកកម្ពុជា ជាដៃគូអាទិភាព និងបន្តជួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការធ្វើកំណែទម្រង់អភិបាលកិច្ច ការសាងសង់ហេដ្ឋា-រចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី និងក្រុមទីប្រឹក្សាក្រោមកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំក្របខ័ណ្ឌ និងផែនទីបង្ហាញផ្លូវស្តីពីការស្រង់ថ្លៃដើមលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជា ស្របតាមតម្រូវការជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងទាន់ពេលវេលា។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និងសហការីនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម និងសហការផ្តល់ធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងឯកសារក្របខ័ណ្ឌ និងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង