ប្រតិភូ និងអត្តពិក អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានធ្វើដំណើរទៅ ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ ដើម្បីចូលរួម ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympic Game 2020) ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិថា បេសកកម្មនេះ គឺជាមោទនភាពរបស់ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ពិសេសឯកឧត្តមបានថ្លែងអំណរគុណជាថ្មី ចំពោះឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលបានរៀបចំកម្មវិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកកម្ពុជា កាលពីម្សិលមិញ ។
ឯកឧត្តម នាយកបេសកកម្ម បានមានប្រសាសន៍ថា «អ្វីដែលយើងទាំងអស់គ្នា មានមោទនភាព គឺបេសកកម្មលើកនេះ ខុសពីលើកមុនៗ បើទោះបីមានការបារម្ភពីក្រុមគ្រួសារ ឬមិត្តភ័ក្ដ្រក៏ដោយ តែក្រុមរបស់យើង នៅតែមានឆន្ទៈមោះមុតក្នុងការចូលរួម ហើយត្រូវតែចូលរួមឲ្យបាន ដើម្បីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា តំណាងទង់ជាតិរបស់យើង ក្នុងពិធីបើកអូឡាំពិក ៤ឆ្នាំម្ដង ដែលយើងជាសមាជិក យើងមិនអាចលះបង់ការចូលរួមរបស់យើងបានឡើយ ។ អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺកិត្តិយសសេចក្ដីថ្លៃថ្នូដែលកីឡាករ-កីឡាការិនីរបស់យើង ខិតខំប្រឹងប្រែងក្នុងការប្រកួត ហើយប្រកួតដោយមោទនៈភាព គោរពគោលការណ៍ Fair-Play បទបញ្ជាការប្រកួត និងក្រមសីលធម៌កីឡាករ ។
គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានឯកឧត្តម វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕