ព័ត៌មានកីឡា

CAMSOC អំពាវនាវឱ្យមហាជនដាក់ប្រឡងស្នាដៃ ការរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ. (CAMSOC) បានអំពាវនាវឱ្យ មហាជន យុវជន ដែលមាន ទេពកោសល្យខាង រចនាភ្លើងគប់ និងការរចនាមេដាយ សម្រាប់បម្រើ ដល់ការប្រើប្រាស់ផ្លូវការ នៃការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមចូលរួម ដាក់ពាក្យប្រឡង ស្នាដៃរបស់ខ្លួន ឱ្យបានច្រើនកុះករ ដើម្បីឱ្យ CAMSOC មានជម្រើស កាន់តែច្រើន និងសម្រិតសម្រាំង បាននូវស្នាដៃដ៏ល្អឯង សម្រាប់រួមដំណើរឆ្ពោះ ទៅឱ្យការប្រកួតទាំងពីរ ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ ជាប្រវត្តិសាស្រ្ត ជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ លើការដាក់ពាក្យប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយនេះថា CAMSOC នៅមានការប្រកួតប្រជែងស្នាដៃលក្ខណៈបើកទូលាយជាសាធារណៈ ចំនួនពីរទម្រង់នេះទៀត គឺទី១-ការរចនាភ្លើងគប់ និងទី២-គឺការរចនាមេដាយ ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានប្រកាសផ្សព្វផ្សាយបើកការប្រកួតប្រជែង ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើងដែលគាត់មានទេពកោសល្យ ថ្វីដៃ ក្នុងការគូររូប ឆ្លាក់រចនាភ្លើងគប់ និងមេដាយ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឱ្យយុវជន និងមហាជនទាំងអស់ដែលមានទេពកោសល្យត្រៀមខ្លួន ក្នុងការចូលរួមការប្រកួតប្រជែង ដាក់ជាបេក្ខភាពប្រកួតប្រជែងគំនូរភ្លើងគប់ និងមេដាយ ក្នុងពេលឆាប់ៗនេះ។

សូមរម្លឹកថា CAMSOC ធ្លាប់បានបើកការប្រកួតប្រជែង ជាសាធារណៈ នៃការរចនា ស្លាកសញ្ញា-និមិត្តសញ្ញាជាផ្លូវការ ដោយស្នាដៃជ័យលាភី ទាំងពីររូបត្រូវ បានប្រកាស និងប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត នៅក្នុងពិធីជាផ្លូវការ នៃការរាប់ថយក្រោយ ១.០០០ថ្ងៃ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី