ព័ត៌មានកីឡា

កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានលេខ២ ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition


កីឡាករ-កីឡាការិនី កាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់ របស់លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាណា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួត តាមអនឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។

កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសាគូរអាយុក្រោម ១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត គឺប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផល ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ខណៈលេខ១ បានទៅម្ចាស់ផ្ទះកូរ៉េខាងត្បូង និងលេខ៣ បានទៅជប៉ុន។

តាមរយៈលទ្ធផលនេះ អគ្គលេខាធិការសហព័ន្ធខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដែលបានបង្ហាញនូវភាពរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ និងបិទទ្វារហ្វឹកហាត់លក្ខណៈស្វ័យបុគ្កលក៏ដោយ។ លោកបានចាត់ទុកនេះជាសញ្ញាណដ៏ល្អ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ណយ ផាន់ណា បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីតែ ២រូបប៉ុណ្ណោះចូលរួម។ លើសពីនេះ សហព័ន្ធក៏បានបញ្ជូនអាជ្ញាកណ្ដាលអន្ដរជាតិ ២រូប ចូលរួមកាត់សេចក្ដីក្នុងការប្រកួតដ៏ធំនេះផងដែរ គឺលោក សោ សុផេង និងលោក វាស សារិទ្ធ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី