ព័ត៌មានកីឡា

វៀតណាម និង​បណ្ដា​ប្រទេស​អាស៊ាន​ ឯកភាព​គ្នា​ លើក​ស៊ីហ្គេម ទៅឆ្នាំ២០២២


ឯកឧត្តម ​វ៉ាត់​ ចំរើន​ អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​ឲ្យ​ដឹង​ថា ​បណ្ដា​​ប្រទេស​​អាស៊ាន ​រួម​ទាំង​​​ម្ចាស់​​​ផ្ទះ​​វៀត​ណាម​ បា​ន​សម្រេចលើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ទៅរៀប​ចំនៅ​ចុង​ខែ​មេសា​-ដើមខែឧសភា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ ។

ការសម្រេចពន្យារស៊ីហ្គេម ឆ្នាំ២០២១ នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញ(Zoom)របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែល​មាន​​ការ​ចូលរួមពីគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិកចំនួន ១១ប្រទេស នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ក៏មាន​វត្តមាន​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទមិនរៀបចំស៊ីហ្គេម ក្នុងឆ្នាំ២០២១ឡើយ ដោ​យ​​​​សម្រេច​​លើក​​ទៅ​​រៀបចំ​នា​​ចុង​ខែ​មេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ប៉ុន្ដែកាលបរិច្ឆេទប្រកួត នៅមិនទាន់​សម្រេច​នោះ​ទេ ដ្បិត​ម្ចាស់ផ្ទះវៀតណាម ថានឹងពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បី​អនុម័ត​ និង​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​ក្នុង​ពេលឆាប់ៗ​ បន្ទាប់​ពី​​ភាគី​ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះចំពេលរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅអំឡុងខែឧសភាដូចគ្នា។

សូមបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ វៀតណាម បានស្នើសុំបណ្ដាប្រទេសសមាជិកស៊ីហ្គេម ចង់ពន្យារពេលទៅធ្វើអំឡុងខែកក្កដា ឆ្នាំ​​២០២២។ តែដោយមិនទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន វៀតណាមបានស្នើសេណារីយ៉ូ ៣ ពិភាក្សាជាមួយរដ្ឋាភិបាល​របស់​ខ្លួន ទី១-រក្សាការប្រកួតនៅដដែល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១, ទី២-ចង់ពន្យារពេលទៅឆ្នាំ២០២២ នៅត្រឹម​ខែមេសា និងខែឧសភា និងទី៣-ចង់ពន្យារពេលរហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្ដែសេណារីយ៉ូទី៣ ត្រូវបាន​លុបចោល​វិញ បន្ទាប់ពីថៃ និងព្រុយណេ អះអាងពីការត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេណដូចគ្នា ។

ដូច្នេះ នៅសល់ ២ជម្រើស ស្របពេលស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងខ្លាំងនៅប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេស​ក្នុង​តំប​ន់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ថ្ងៃនេះ វៀតណាម ក៏សម្រេចជ្រើសរើសយកសេណារីយ៉ូទី២ ដោយ​ពន្យារ​ពេល​ស៊ី​ហ្គេម ឆ្នាំ​២០២១ ទៅធ្វើនៅអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ជាមួយការសម្រេចនេះ ក៏​ទទួល​បាន​ការគាំទ្រ​ពីបណ្ដា​ប្រទេសសមាជិកអាស៊ានផងដែរ ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី